(ញូដេលី)៖ មួយរយៈពេល​ចុងក្រោយនេះ ប្រទេសឥណ្ឌា​បានធ្វើតេស្ត​សាកល្បង​ គ្រាប់មីស៊ីល​ជាច្រើនលើក​ដោយវា​បានសម្រេច​ជោគជ័យ​ទាំងស្រុង ហើយនៅ​ថ្ងៃទី០២ ខែមករា ដើមឆ្នាំថ្មីនេះ​ឥណ្ឌាបាន​បាញ់សាក​ល្បងគ្រាប់​មីស៊ីល​ប្រភេទ Agni-IV ជាមួយនឹងជើងទម្រ​ចល័តប្រកប​ដោយជោគជ័យ​បន្ថែមទៀត។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។

មីស៊ីលប្រភេទឆ្លងទ្វីប និងត្រូវបាន​អភិវឌ្ឍន៍នៅក្នុង​ស្រុកខាងលើ​នេះ ត្រូវបានបាញ់​បង្ហោះ​នៅវេលា​ម៉ោង ១១៖៥០នាទី​ថ្ងៃត្រង់​ម៉ោងនៅទីក្រុង​ញូដេលី ដែលវាបានបង្ហាញ​យ៉ាងច្បាស់​​ពីសមត្ថភាព​​របស់កងទ័ព​ឥណ្ឌា ក្នុងការ​ឈាន​ទៅរកការគ្រប់គ្រង​ប្រព័ន្ធបាញ់គ្រាប់​មីស៊ីល​ដោយខ្លួនឯង។ សារព័ត៌មាន​ឥណ្ឌា​បានចេញ​​ផ្សាយ​ជុំវិញភាព​ជោគ​ជ័យ​នេះថា «គ្រាប់មីស៊ីល Agni-IV មានកម្ពស់ ២០ម៉ែត្រ និងទម្ងន់ ១៧តោន ដែលអាច​មានលទ្ធភាព​បំពាក់ក្បាលគ្រាប់​មីស៊ីលទម្ងន់ ១តោន និងហោះបាន​ចម្ងាយ ៤,០០០គីឡូម៉ែត្រ»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ​ប្រទេសឥណ្ឌាក៏​ទើបតែទទួល​បានជោគជ័យ​ផងដែរ ក្នុងការបាញ់​សាកល្បង​គ្រាប់មីស៊ីល​ប្រភេទ Agni-V រយៈចម្ងាយឆ្ងាយ។ ការធ្វើតេស្ត​មីស៊ីលរបស់​ឥណ្ឌា កើតមានឡើង​ខណៈដែល​ភាពតានតឹង​ជាមួយប្រទេស​ប៉ាគីស្ថាន មិនទាន់ធូរស្រាល ជាពិសេសការ​ប៉ះទង្គិចគ្នា​ជារឿយៗ​នៅតំបន់​ព្រំដែន​កាស្មៀ ដែលកំពុង​ប្រទាញប្រទង់គ្នា​រវាងអតីតប្រទេស​សាច់ឈាមតែមួយ ទាំងពីរនេះ៕