(ហូជីមិញ)៖ វៀតណាម​បានបង្ហាញ​សញ្ញា​វិជ្ជមានដ៏គួរឲ្យ​កត់សម្គាល់​ក្នុងការបន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ​បើប្រៀបធៀប​ទៅ​នឹងតួលេខ​ឆ្នាំ​២០១៥ ដោយគ្រោះថ្នាក់​​ចរាចរណ៍​​សរុប​មានចំនួន ២១,៥៨៩ករណី​បានកើតមានឡើង​នៅក្នុង​ប្រទេស​នៃតំបន់អាស៉ីអាគ្នេយ៍​មួយ​នេះ​ នា​ឆ្នាំ២០១៦ ហើយករណី​ទាំង​នោះ​ បានឆក់យក​ជីវិតមនុស្ស ៨,៦៨៥នាក់, ធ្វើឲ្យរបួសស្រាល ១៣,១០០នាក់, និង​របួស​ធ្ងន់៦,១៨០នាក់​។ នេះ​បើ​តាម​ការ​​ចេញ​​ផ្សាយ​​ដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នាព្រឹក​ថ្ងៃចន្ទ ទី០២​ ខែមករា ឆ្នាំ២០១៦។

ធៀបនឹង​ឆ្នាំ២០១៥ ចំនួនករណី​គ្រោះថ្នាក់​ចរាចរណ៍​​បានធ្លាក់​ចុះ​នៅក្នុង​អត្រា​ ៥.៥ភាគរយ ខណៈចំនួនអ្នកស្លាប់​​បានថយចុះក្នុងអត្រា ០.៥ភាគរយ និងចំនួនអ្នក​រងរបួស​ស្រាលក៏បានថយចុះ​នៅក្នុង​អត្រា​ ១៣.២ភាគរយ។ សរុប​ជា​មធ្យម​​​ក្នុងមួយថ្ងៃៗ​ប្រទេស​វៀតណាម​មានគ្រោះ​ថ្នាក់ចរាចរណ៍​កើតឡើង​ចំនួន ៥៩ករណី​ហើយបានសម្លាប់​មនុស្សចំនួន​ ២៤នាក់ និងបង្ក​របួសស្នាម ៥៣នាក់។

គួរបញ្ជាក់ថា​ចំនួនគ្រោះថ្នាក់ចរាចរណ៍​​នៅក្នុងប្រទេស​វៀតណាម ​ត្រូវបានគេព្យាករណ៍ថា នឹងថយចុះ​កាន់តែ​ខ្លាំង​បន្ថែមទៀត​នាពេលអនាគត ដោយសារតែកិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងយកចិត្តទុក​ដាក់​របស់​រដ្ឋាភិបាល​វៀតណាម នៅក្នុងការអប់រំប្រជាពលរដ្ឋ​ដែលជាពិសេសនោះ​ គឺការរឹតបន្តឹងច្បាប់ចរាចរណ៍ជាកាន់តែខ្លាំង៕