(អ៉ីស្តង់ប៊ុល)៖ មនុស្សដែលបានបាត់បង់​ជីវិត​​នៅក្រោយ​ការ​វាយប្រហារ​​ភេរវកម្ម​នា​យប់​ថ្ងៃឆ្លងឆ្នាំ​សកល​​ក្នុង​ក្លឹប​កម្សាន្ត​​រាត្រី​​ដ៏​ល្បី​​ឈ្មោះ​មួយ​​កន្លែង​​​ក្នុងទីក្រុង​អ៉ីស្តង់ប៊ុល ភាគច្រើនជា​ជនបរទេស​​​ដោយនៅ​ក្នុង​ចំណោម​​អ្នក​ស្លាប់ទាំង ៣៩នាក់​មានជនជាតិ​បរទេស​រហូតដល់ទៅ ២៨​នាក់មកពី​ប្រទេសចំនួន០៩​​។ នេះបើ​តាម​​ការ​ចេញ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​​នា​ព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែល​បានបញ្ជាក់ថា​ មកទល់ពេលនេះ​សាកសព​មនុស្ស​ចំនួន​ ៣៥នាក់​ត្រូវបានគេ​កំណត់​អត្តសញ្ញាណ​បានហើយ ជាមួយ​និងមនុស្ស២០នាក់​ត្រូវបានអះអាងថា​មកពីក្រៅប្រទេស ដោយរួម​មាន​ទាំង​ព្រះរាជាណាចក្រ អារ៉ាប៊ី សាអ៊ូឌីត (០៧នាក់), អ៉ីរ៉ាក់ (០៤នាក់), ទុយនីស៉ី (០២នាក់), ស៉ីរី (០១នាក់), អ៉ីស្រាអែល (០១នាក់), លីប៊ង់ (០១នាក់), និង គុយវ៉ែត (០១នាក់), រីឯក្នុងចំណោមជនជាតិតួកគីទាំង ១១នាក់​ដែល​​បាន​​បាត់​បង់​ជីវិត​​នៅ​ក្នុង​ហេតុ​ការណ៍​នោះ មានម្នាក់មានដើមកំណើតប៊ែលហ្សិក។

យោងតាមអាជ្ញាធរតួកគី ខ្មាន់កាំភ្លើងម្នាក់បានសំរុកចូលទៅក្នុងក្លឹបកម្សាន្តមួយកន្លែងមានឈ្មោះថា Reina ដែលស្ថិតនៅក្នុងសង្កាត់ Besiktas រួចហើយបានបើក ការបាញ់ប្រហារ ទៅលើមនុស្សរាប់រយនាក់ ដែលកំពុងជួបជុំគ្នា​ដើម្បីចូលរួមអបអរសាទរ​ឱកាសចូល​ឆ្នាំសកល ដោយបានសម្លាប់មនុស្សចំនួន ៣៩នាក់ និងធ្វើឲ្យមនុស្ស ៦៩នាក់ផ្សេងទៀតរងរបួស​ដែលមានបួននាក់ស្ថិត​នៅក្នុងសភាព​ធ្ងន់ធ្ងរខ្លាំងទៀតផង។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្លាំងប៉ូលិស​បាន​និងកំពុងដឹកនាំ​ប្រតិបត្តិការ​តាមរកប្រភពដើមនៃខ្មាន់កាំភ្លើង ដែលត្រូវបានគេបាញ់សម្លាប់នៅហ្នឹងកន្លែង ដោយសារតែ ជនរូបនេះបានស្លៀកខោអាវតាណូអែល បន្លំខ្លួន​ចូលទៅក្នុងក្លឹបកម្សាន្ត។ ប៉ូលិសតួកគីមិនទាន់បានបញ្ជាក់អត្តសញ្ញាណ ឬក៏បង្ហាញមុខក្រុមណាមួយ​ដែលស្ថិតនៅពីក្រោយរឿងនេះនៅឡើយទេ រហូតមកទល់នឹងថ្ងៃចន្ទ ដើមសប្តាហ៍ថ្មីនេះ៕