(សេអ៊ូល)៖ មេដឹកនាំកំពូល​ផុតលេខ​របស់​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បានអះអាងថា ប្រទេស​របស់លោកកំពុងខិតកាន់តែជិត​នៃ​ការធ្វើតេស្ត គ្រាប់មីស៊ីល​រយៈចម្ងាយឆ្ងាយ ដែលអាចមានលទ្ធភាព​បំពាក់ក្បាលគ្រាប់​នុយក្លេអ៊ែរ​ហើយ។ នេះបើតាមការ​ចេញផ្សាយ​នៅមុននេះបន្តិច ដោយសារព័ត៌មាន​ BBC នារសៀលថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៦។

ការលើកឡើងរបស់ គីម ខាងលើនេះធ្វើឡើងនៅក្នុងសារ​ទៅកាន់​ប្រជាជាតិ នៅថ្ងៃឆ្លងឆ្នាំសកល ដោយនៅក្នុងនោះ​គឺកូរ៉េខាងជើង បានធ្វើការអួតអាង​អំពីអានុភាពនៃ​គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ដែលនឹងអាចយកមកធ្វើ​តេស្ត​នៅដើមឆ្នាំ​២០១៧នេះ។ នេះបើតាមការលើកឡើង ពីក្រុមអ្នកអង្កេត​ស្ថានការណ៍នៅកូរ៉េខាងជើង។

គួរបញ្ជាក់ថាទីក្រុងព្យុងយ៉ាងបានធ្វើតេស្តសាកល្បងគ្រាប់បែក នុយក្លេអ៊ែរ ចំនួនពីរលើកកាលពី​ឆ្នាំ២០១៦ ហើយក្នុងនោះក៏រួមមានទាំងគ្រាប់បែកអ៊ីដ្រូសែន​ដ៏ខ្លាំងក្លាបំផុងផងដែរ។ បណ្តាប្រទេសនានា​ ដែលមានទំនោរប្រឆាំង​កូរ៉េខាងជើង​ដូចជា​ កូរ៉េខាងត្បូង ជប៉ុន និងអាមេរិក ជាដើមបានបង្ហាញក្តីព្រួយបារម្ភថា សមត្ថភាពនុយក្លេអ៊ែរកូរ៉េខាងជើង នឹងកាន់តែវិវឌ្ឍន៍ទៅមុខខ្លាំង​ក្លាជាងនេះទៀត ប្រសិនបើពិភពលោក​​មិនអាចចាត់វិធានការ​ ប្រកបដោយ​ប្រសិទ្ធភាព​ណាមួយ៕