(វ៉ាស៊ីនតោន)៖ សេតវិមានអាមេរិកបានប្រកាស ថ្កោលទោសក្នុងកម្រិតធ្ងន់បំផុតចំពោះ អំពើភេរវកម្ម​នៅប្រទេសតួកគី ដែលខ្មាន់កាំភ្លើងម្នាក់ ស្លៀកខោអាវតាណូអែល បានធ្វើការបាញ់រះនៅក្នុង​ក្លឹប​កម្សាន្តរាត្រី ថ្ងៃឆ្លងឆ្នាំសកលក្នុងទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគីបានសម្លាប់ជីវិតមនុស្ស ៣៥នាក់ និងជាង ៤០ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះ​បន្តិចនាព្រឹកថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើងមិនទាន់ត្រូវបានអាជ្ញាធរ បញ្ជាក់អត្តសញ្ញាណនោះទេ ហើយរដ្ឋាភិបាលតួកគី ​ក៏មិនទាន់បានចោទ​ទៅលើក្រុមភេរវករណាមួយ ថាជាអ្នកស្ថិតនៅពីក្រោយរឿងនេះនៅឡើយដែរ។​ ដោយឡែកក្រៅពីការថ្កោលទោសនេះ សហរដ្ឋអាមេរិកដែលកំពុងតែមានទំនាក់ទំនងមិនល្អ​ ជាមួយ​នឹងតួកគីស្រាប់ បានហៅការវាយប្រហារនោះថាជាហេតុការណ៍ ដ៏គួរឲ្យរន្ធត់បំផុត៕