(រីយ៉ូ)៖ លោកស្រី Francoise Amiridis ភិរយារបស់អគ្គរដ្ឋទូតក្រិកប្រចាំប្រទេសប្រេស៊ីល លោក Kyriakos Amiridis ត្រូវបានប៉ូលិសប្រេស៊ីលចាប់ខ្លួន ក្រោយពីបានរកឃើញភស្តុតាងបញ្ជាក់ថា​​ លោកស្រីពិតជា​បានជួលមនុស្ស​ឲ្យសម្លាប់ប្តីខ្លួនឯង។ នេះបើតាម​​ទីភ្នាក់ងារ​ព័ត៌មានចិន​​ស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦។

លោកស្រី Francoise បានជួលបុរសជាសាហាយ ដែលត្រូវជាមន្ត្រីប៉ូលិសឈ្មោះ Sergio Gomes Moreira Filho ដែលធ្វើការងារនៅក្នុងតំបន់ដែលលោកស្រីរស់នៅ រួមជាមួយប្អូនប្រុស របស់ប្រុស​សាហាយរូបនេះម្នាក់ទៀតឈ្មោះ Eduardo de Melo ហើយជនបង្កទាំងពីររូបនេះ បានយករឿងរ៉ាវ​ដែលខ្លួនបានប្រព្រឹត្តទាំងអស់ រាយការណ៍ប្រាប់ប៉ូលិស ប៉ុន្តែត្រូវបានលោកស្រី Francoise បដិសេធ។

ទោះបីជាបែបនេះក្តីប៉ូលិសប្រេស៊ីល នៅតែបន្តនីតិវិធីទៅលើ​លោកស្រីភរិយា​អគ្គរដ្ឋទូតក្រិក ​ដោយសារ​តែ​ប៉ូលិស​ ​មានភស្តុគ្រប់គ្រាន់​លើករណី​ឃាតកម្មនេះ។ ក្រុមអ្នកស៊ើបអង្កេត​បានប្រាប់​ឲ្យដឹងថា លោក Melo បានទទួលប្រាក់ ២៤,៤០០ដុល្លារ​អាមេរិកពី​លោកស្រី Francoise ក្នុងការជួយធ្វើឃាតលោក​អគ្គរដ្ឋទូត ​រហូតដល់​បានសម្រេច។

គួរបញ្ជាក់ថានៅថ្ងៃចន្ទសប្តាហ៍នេះ មានសាក្សីអះអាងថា បានឃើញអគ្គរដ្ឋទូតក្រិក នៅមាន​ជីវិតជា​ធម្មតា ប៉ុន្តែសម្រាប់​តែដល់ថ្ងៃពុធ លោកស្រីជាភរិយាបាន​រាយការណ៍ប្រាប់​ប៉ូលិស​ប្រេស៊ីលថា លោកអគ្គរដ្ឋទូត​បាន​បាត់​ខ្លួន​ទៅហើយ។ បន្ទាប់មកទៀត​នៅថ្ងៃព្រហស្បតិ៍ ប៉ូលិសក៏បានឃើញ​រថយន្តរបស់លោក អគ្គរដ្ឋទូត​ដែលត្រូវបាន​ភ្លើងឆេះខ្ទេច ជាមួយនឹង​សាកសពឆេះខ្លោច​ខ្មៅមើលមិនយល់។

ក្រោយការពិនិត្យរកមើលអត្តសញ្ញាណ ទើបប៉ូលិសទីក្រុងរីយ៉ូ បានប្រកាសថា រាងកាយដែលត្រូវបាន​ឆេះខ្លោចក្នុងឡាននោះ ​ពិតជាលោកអគ្គរដ្ឋទូតក្រិក Amiridis ប្រាកដមែន។ តាមពិតលោកអគ្គរដ្ឋទូត​ត្រូវបានគេបាញ់សម្លាប់នៅក្នុងផ្ទះ របស់លោកស្ថិតនៅក្នុងសង្កាត់ Nova Iguacu នៃទីក្រុងរីយ៉ូ ដោយសារតែគេឃើញ​មានដានឈាម​របស់លោក​នៅក្នុងផ្ទះ ហើយទើបក្រោយ​មកទើបសព​របស់លោក ​​ត្រូវបាន​ជនបង្កយកទៅដុតជាមួយនឹងរថយន្តតែម្តង។

ពេលនេះប៉ូលិសប្រេស៊ីល កំពុងកសាងសំណុំរឿងខាងលើ និងចាត់ការទៅតាមនីតិវិធី៕