(បរទេស)៖ នៅក្នុងឆ្នាំ២០១៦នេះ ព្រឹត្តិការណ៍ទាក់ទងទៅនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះធំៗ បានកើតឡើង​ដ៏គួរឲ្យតក់ស្លុត និងបានបណ្តាលឲ្យមនុស្សស្លាប់សរុបរាប់រយនាក់។ ខាងក្រោមនេះ គឺជាការរំលឹកអំពីករណី​ធ្លាក់យន្តហោះធំៗប្រចាំឆ្នាំ២០១៦ ដែលសុទ្ធសឹងតែបានឆក់យកជីវិត​មនុស្សរាប់សិបនាក់ឡើងទៅ៖

១៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ជើងហោះហើរ Tara Air Flight 193 របស់ប្រទេសនេប៉ាល់បានធ្លាក់នៅតំបន់​ភ្នំក្នុងស្រុក Myagdi បានបណ្តាលឲ្យមនុស្សជិះនៅលើនោះទាំងអស់ ២៣នាក់ស្លាប់។

២៖ កាលពីថ្ងៃទី១៩ ខែមីនា ជើងហោះហើរ Flydubai Flight 181 បានធ្លាក់នៅតំបន់ Rostov-on-Don ប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្សជិះនៅលើនោះទាំងអស់ ៦២នាក់ស្លាប់។

៣៖ កាលពីថ្ងៃទី១៣ ខែមេសា យន្តហោះ Sunbird បានរអិលធ្លាក់ចេញពីផ្លូវនៃព្រលានយន្តហោះ​ក្នុងតំបន់ Kiunga នៃប្រទេស​ប៉ាពួរញូហ្គីណេ បានបណ្តាលឲ្យមនុស្សជិះទាំង ១២នាក់ស្លាប់។

៤៖ កាលពីថ្ងៃទី១៩ ខែឧសភា ជើងហោះហើរអេហ្ស៊ីប EgyptAir Flight 804 បានធ្លាក់ទៅក្នុងសមុទ្រ មេឌីទែរ៉ាណេ បានសម្លាប់មនុស្សជិះនៅលើនោះទាំងអស់ ៦៦នាក់។

៥៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ជើងហោះហើរ LaMia Airlines Flight 2933 ដឹកក្រុមកីឡាករបាល់ទាត់​ប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង មេឌែលលីន ប្រទេសកូឡុំប៊ី បានបណ្តាលឲ្យមនុស្ស ៧១នាក់ស្លាប់ និង០៦នាក់រងរបួសធ្ងន់។

៦៖ កាលពីថ្ងៃទី០៧ ខែធ្នូ យន្តហោះប៉ាគីស្ថាន Flight 661 បានធ្លាក់នៅតំបន់ Havelian នៅតាមផ្លូវទៅ​រដ្ឋធានីអ៊ីស្លាម៉ាបាដ បានសម្លាប់មនុស្សជិះនៅលើនោះទាំងអស់ ៤៧នាក់។

៧៖ កាលពីថ្ងៃទី២៥ ខែធ្នូ យន្តហោះរុស្ស៊ីប្រភេទ Su-154 ដឹកក្រុមតន្ត្រីយោធារុស្ស៊ីសំដៅទៅមូលដ្ឋានទ័ព​នៅក្នុងប្រទេសស៊ីរី បានធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ និងផ្តាច់ជីវិតមនុស្សទាំងអស់ ៩២នាក់៕