(មូស្គូ)៖ ក្រុមយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែកធុន SU-34 ចុងក្រោយ​នៃឆ្នាំ២០១៦នេះ ត្រូវបានបញ្ជូន​ទៅដល់កងអង្គភាព​ជើងអាកាស​ ​​នៃទីបញ្ជាការដ្ឋាន​យោធា​ភាគខាងកើត​របស់ប្រទេសរុស្ស៉ី ដែលស្ថិតនៅ​តំបន់ Khabarovsk ហើយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នារសៀល​ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន​រុស្ស៉ី RIA Novosti លោកវរសេនីយ៍ឯក Alexander Gordeyev បានឲ្យ​ដឹង​ថា «យន្តហោះចម្បាំង​ និងទម្លាក់​​គ្រាប់បែក​ធុន Su-34 ថ្មីៗប៉ុន្មាន​គ្រឿង​បានធ្វើការ​ហោះហើរ​ក្នុងចម្ងាយ​ជាង​ ៣,៥០០គីឡូម៉ែត្រ​ពីចេញ​ទីក្រុង Novosibirsk ទៅកាន់ព្រលាន​យន្តហោះ​នៃមូលដ្ឋាន​អចិន្រ្តៃយ៍​របស់ខ្លួន បន្ទាប់ពី​បានចូល​ចាក់សាំង​នៅមូលដ្ឋាន​ទ័ពអាកាស Domna​»។ លោក Gordeyev បានបន្តថា​យន្តហោះដែលមានសមត្ថភាព​ចម្រុះនេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់​នៅក្នុងប្រតិបត្តិការ​យោធាជា​ផ្លូវការ នាដើម​ឆ្នាំ២០១៧ ខាងមុខនេះ។

គួរបញ្ជាក់ដែរថា​យន្តហោះចម្បាំង Sukhoi Su-34 ដែលអាចទម្លាក់គ្រាប់បែក​បាននេះត្រូវបានគេ​អភិវឌ្ឍន៍​ឡើង​​ដើម្បីបើកការ​​វាយ​ប្រហារ​​ ចំពោះ​គោល​ដៅ​នៅ​លើ​ផ្ទៃ​ដី ក៏ដូចជាផ្ទៃទឹកដោយមានប្រសិទ្ធភាព​ខ្ពស់​បំផុត​ហើយ​លើសពីនេះទៀត​យន្តហោះធុននេះ​ ក៏មានសមត្ថភាព​ធ្វើការវាយលុកទៅលើគោលដៅ​តូចៗ​ដែលចល័ត​នៅលើដី​ ឬក៏ហោះហើរនៅលើអាកាសបាន ទាំងក្នុងពេលយប់ និងពេលថ្ងៃទោះបីជាស្ថិត​​ក្រោម​អា​កាស​ធាតុ មិន​អំណោយផល​បែបណា​ក៏ដោយ៕