(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ​ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះ ០.៥ភាគរយ​បន្ទាប់ពីបាន​ឡើងថ្លៃអស់រយៈពេល​ជាច្រើនសប្ដាហ៍​មកនេះ ហើយដែលការ​ធ្លាក់ចុះនេះ​ទៀតសោតកើតឡើង​ក្រោយ​ពេល​សហរដ្ឋអាមេរិក ប្រកាសដាក់​ទណ្ឌកម្មប្រឆាំង​នឹងរុស្ស៊ី​សម្រាប់ការ​ជ្រៀតជ្រែត​ចូលក្នុងកិច្ចការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦។

ការធ្លាក់ចុះនៅពេលនេះ បានលុបលើកំណើននៃប្រាក់ដុល្លារអាមេរិក នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈទីផ្សារភាគហ៊ុន អាមេរិកបានដាំក្បាលចុះនៅកំរិតទាប ក្នុងរយៈពេលបីសប្ដាហ៍ នៅក្នុងបរិបទ​ដែល​ប័ណ្ណបំណុលរបស់រតនាគារជាតិបានធ្លាក់ចុះ​ចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ មកម្ល៉េះ។ គួរបញ្ជាក់​ថា​បើយោងតាម Bloomberg​ ប្រាក់យ័នចិន​ក៏បានធ្លាក់ថ្លៃផងដែរ ក៏ប៉ុន្តែប្រាក់យ៉េនជប៉ុន និងប្រាក់អឺរ៉ូត្រូវបានគេ​រាយការណ៍​ថាបានហក់ឡើងថ្លៃទៅវិញ៕ ​