(​សេអ៊ូល)៖ វិទ្យាស្ថានយុទ្ធសាស្ត្រ​សន្តិសុខជាតិ (INSS) នៃទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​កូរ៉េខាងត្បូង (NIS)​ បានចេញផ្សាយ​ «សៀវភៅស» ​មួយនៅថ្ងៃព្រហស្បតិ៍នេះ ដោយបង្ហាញថា នៅក្នុងរយៈពេល ០៥ឆ្នាំ​ក្រោម​របបដឹកនាំ​របស់​លោក គីម ជុងអ៊ុន មនុស្សចំនួន ៣៤០នាក់ក្នុងនោះរួចមានទាំងមន្ត្រីកំពូលៗកូរ៉េខាងជើង ត្រូវបាន​បោសសំអាត ឬក៏ប្រហារជីវិតក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសំអាត​ផ្ទៃក្នុងដើម្បីពង្រឹង​អំណាច​គ្រួសារ​ត្រកូល គីម បីជំនាន់មកនេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមសៀវភៅស​ខាងលើ​មានចំណងជើង​ថា «០៥ឆ្នាំក្រោមការដឹកនាំ​ដ៏គួរឱ្យភ័យខ្លាច​របស់​លោក គីម ជុងអ៊ុន» បន្ទាប់ពី​ឪពុក​គឺលោក គីម ជុងអ៊ីល ទទួលមរណៈភាព​នៅខែធ្នូ ឆ្នាំ២០១១ ពីរសប្ដាហ៍​ក្រោយ​នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំដដែល​លោក គីម ជុងអ៊ុន បានឡើងកាន់តំណែង​បន្តជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង។ ប៉ុន្តែរហូតដល់ខែមេសា ឆ្នាំ២០១២ ទើបលោក គីម អាចក្ដាប់អំណាច​បានទាំងស្រុង​ហើយចាប់ពី​ពេលនោះ​មក​មេដឹកនាំរបប​ក្រុងព្យុងយ៉ាង​រូបនេះ កាន់តែពង្រឹង​អំណាចរបស់​ខ្លួន​ តាមរយៈការ​បញ្ជាឱ្យគេបាញ់សម្លាប់ ឬកាត់ទោសប្រហារ​ជីវិតប្រជាជនធម្មតា និងមន្ត្រីកូរ៉េខាងជើង​ទំាងឡាយណា​ដែលខ្លួនយល់ថា​ជាមេគ្រោះ ក្នុងរួមមានទាំងពូ​របស់ខ្លួន គឺលោក ចាង សុងថេក (ឆ្នាំ២០១៣) ក៏ដូចជារដ្ឋមមន្ត្រី​ការពារជាតិ លោក ហ៊ីយ៉ុន យ៉ុងឈូល ដែលត្រូវបានកាត់ទោសប្រហារជីវិត​កាលពីឆ្នាំ​២០១៥ កន្លងទៅ។

គួរបញ្ជាក់ថា​បើតាមសៀវភៅសនេះ​ដដែល របបដឹកនាំ​របស់​លោក គីម ជុងអ៊ុន មិនបាន​យកចិត្តទុកដាក់​លើ ការអភិវឌ្ឍន៍សេដ្ឋកិច្ច​ប្រជាជនរបស់​ខ្លួននោះទេ តែបែរជា​ចំណាយលុយ​ដល់ទៅ​ជាង​ ៣០០លានដុល្លារ​អាមេរិក​ក្នុងការបាញ់សាកល្បងអាវុធនុយ​ក្លេអ៊ែរ និងមីស៊ីល​ចំនួន ២៩លើកព្រមទាំង ១៨០លានដុល្លារ សម្រាប់​ការពង្រឹង​អំណាចគ្រួសារ​ត្រកូលគីម។ មួយវិញទៀតបើ​តាមអគ្គរដ្ឋទូត​កូរ៉េខាងជើងដែល​កំពុង​ជ្រកកោន​នៅ​កូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាង នឹងចូលអង្គុយតុចរចា​ជាមួយសហរដ្ឋអាមេរិក​ដរាបណា កូរ៉េខាងជើង​ក្លាយជាមហាអំណាច​នុយក្លេអ៊ែរ​ជាមុនសិន៕