(ស៊ីរី)៖ អគ្គលេខាធិការថ្មី​នៃអង្គការសហប្រជាជាតិ​ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានកត់សម្គាល់ថា បច្ចុប្បន្នសង្រ្គាមស៊ីរី​បានប្រែក្លាយទៅជា «ជំងឺមហារីក​លំដាប់ថ្នាក់​ពិភពលោក» ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា​លោកក៏សង្ឃឹមដែរថា សហរដ្ឋអាមេរិក និងរុស្ស៊ី​អាចបញ្ឈប់ការបែរខ្នងដាក់គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយមួយ​ក្នុងការបញ្ចប់សង្រ្គាម ក៏ដូចជារំដោះប្រជាជន​ស៊ីរីចេញពីឋាននរក​នៅលើដី។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន​​បារាំង Le Figaro នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ៍​ទូរទស្សន៍​ព័រទុយហ្គាល់ SIC​ លោក ហ្គូទេរ៉េស បាននិយាយថា «សង្រ្គាមស៊ីរី​មិនមែន​ត្រឹមតែបង្កភាពឈឺចាប់​ដល់ប្រជាជនស៊ីរី​នោះទេ ក៏ប៉ុន្តែវាក៏បង្កើតផងដែរ​នូវអំពើហិង្សា​ដែលកំពុង​រីកសាយភាយ​នៅទូទាំងពិភពលោក តាមរយៈសកម្មភាព​ភេរវកម្ម។ ដូច្នេះ​ប្រឈមមុខ​នឹង​ការគំរាម​កំហែង​នេះ​មហាអំណាចទាំងអស់ គួរតែសម្រេចចិត្តរួមគ្នាបញ្ចប់ជម្លោះ​ព្រោះបើគ្មានការជួយគាំទ្រ​ពីខាងក្រៅ ស៊ីរីតែម្នាក់​មិនអាចដោះស្រាយជម្លោះ​ ដែលមិនដឹងថាថ្ងៃណាត្រូវបញ្ចប់នេះ​បានទេ ហើយ​ក្នុងនាម​ខ្ញុំ​ជាអគ្គលេខាធិការ​អង្គការសហប្រជាជាតិ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច​ក្នុងការសម្របសម្រួល​ និងបង្កើត យន្ដការនៃកិច្ចសន្ទនា​ដើម្បីកែលម្អទំនាក់ទំនង​នៃការមិនទុកចិត្តគ្នា»

សូមជំរាបថា​កាលពីដើមខែធ្នូ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ដែលនឹងជំនួស​តំណែង​លោក បាន គីមូន នៅថ្ងៃទី០១ ខែមករា ធ្លាប់បានទទួលស្គាល់ថា អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មិនមែនជា​​មេដឹកនាំ​ពិភពលោកឡើយ​នៅក្នុងបរិបទដែលមហាអំណាចទាំង៥ ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា​សន្តិសុខ​ (សហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំ​ង) ទើបជាអ្នកមានសិទ្ធិ និង​អំណាចពិតប្រាកដ ក្នុងការសម្រេច​ដោះស្រាយបញ្ហា​អ្វីមួយ៕