(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃព្រហស្បតិ៍នេះ​បានទម្លាយថា កាលពីមុន​លោកធ្លាប់​បានចាប់គ្រវែង​ជនចាប់​ជំរិត​ម្នាក់ចេញពីលើ​ឧ​ទ្ធម្ភាគចក្រ នៅអំឡុងពេល​ដែលនៅកាន់​តួនាទីជា​អភិបាលក្រុងដាវ៉ៅ (Davao) ដែលស្ថិតនៅភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ហើយលោក ឌូតឺតេ បានបន្ថែមថា​ លោកនឹងអនុវត្តន៍​ការពិន័យ​ដូចគ្នានេះ​ចំពោះមន្រ្តី​ទាំងឡាយណា​ដែលហ៊ានប្រព្រឹត្ត​អំពើពុករលួយ។ នេះបើ​តាម​ការដកស្រង់​ចេញពីសារព័ត៌មាន​រុស្ស៊ី Russian Today នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍​ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។

នាឱកាសនៃការថ្លែងសុន្ទរកថានៅខេត្ត Camarines Sur ក្នុងអំឡុងដំណើរទស្សនកិច្ច​ទៅកាន់តំបន់ដែល​បានទទួលរង​ការវាយប្រហារ​ដោយ​សារ​ព្យុះទីហ្វុង​ ណក់ធែន ឬក៏អាចហៅម៉្យាងទៀត​តាមប្រជាជន​ហ្វីលីពីន ថា​ នីណា នោះលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានធ្ងន់ៗថា​​នរណា​ម្នាក់​ដែលហ៊ាន​កេងប្រវ័ញ្ច​លើថវិកាជំនួយ​ដែលលោកបាន​នាំ​យកមកជូន​ដល់ជនរងគ្រោះដោយសារ​ គ្រោះមហន្តរាយខ្យល់ព្យុះនោះ​នឹងជួបជោគ​​វាសនា​ដូចមនុស្សម្នាក់​ដែលលោកបាន​ទម្លាក់ពីលើ​ឧទ្ធម្ភាគចក្រអ៉ីចឹង ដោយលោក ឌូតឺតេ បានសង្កត់ធ្ងន់​ដូច្នេះ​ថា «បើសិនជាអ្នកពុករលួយ​ខ្ញុំនឹងដឹកអ្នកតាមឧទ្ធម្ភាគចក្រ ហើយខ្ញុំនឹងបោះអ្នកចេញ​ទៅវិញនៅតាម​ផ្លូវធ្វើ​ដំណើរ​ទៅកាន់ទីក្រុងម៉ានីល ព្រោះថាខ្ញុំធ្លាប់បានធ្វើវាពីមុនមក​ ហេតុអ្វីខ្ញុំមិនគួរធ្វើសាជាថ្មីម្តងទៀត?»

គួរបញ្ជាក់ថា​កាលពីដើមខែធ្នូនេះ ប្រមុខដឹកនាំហ្វីលីពីន​រូបនេះក៏បាន​អះអាងដែរថា រូបលោក​ធ្លាប់បាន​បាញ់​សម្លាប់​ឧក្រិដ្ឋជនសង្ស័យចំនួន​បីនាក់ នៅពេលដែលលោកនៅ​កាន់តំណែងជាអភិបាល​ក្រុងដាវ៉ៅ ហើយពេល​ខ្លះ​លោកបានជិះម៉ូតូ​ធំល្បាតតាមដងផ្លូវ​ជុំវិញទីក្រុងថែមទៀត​ផង ​ដើម្បីរក​មើលក្រែង​មានបទល្មើស​ណាមួយអាច​កើតមាន​ឡើយ។

ដោយឡែកជុំវិញការបាញ់សម្លាប់មនុស្ស ដែលបានធ្លាយចេញពី​មាត់​របស់លោក ឌូតឺតេ ផ្ទាល់នេះ ឧត្តមស្នងការ​សិទ្ធិមនុស្សនៃអង្គការ​សហប្រជាជាតិ​ក៏បានទទូចឲ្យ​អាជ្ញាធរ​​ក៏ដូចជាតុលាការហ្វីលីពីន​ បើក​ការ​ស៊ើប​អង្កេត​​ឲ្យ​បាន​លម្អិត​​ទៅលើករណីនេះ​ផងដែរ ប៉ុន្តែបានទទួលរង​ការជេរប្រទិច​យ៉ាងចាស់ដៃ​ពីប្រធានាធិបតី​មាត់ដាច​រូបនេះ៕