(រង់ហ្គូន)៖ រដ្ឋាភិបាល​ប្រទេសមីយ៉ាន់ម៉ា (ភូមា) កំពុងពិចារណា​ដាក់ចេញ​នូវច្បាប់ថ្មីមួយ ដែលនឹងអាច​ធ្វើឲ្យ​មនុស្ស​ប្រុស​នៅ​ក្នុង​ប្រទេស​នេះ​​ជាប់​ពន្ធនាគារ​​រហូតដល់ទៅ ០៧ឆ្នាំប្រសិនបើ​ពួកគេជ្រុលជ្រួស​ធ្វើឲ្យនា​រីដែលជាសង្សារមានផ្ទៃពោះ ប៉ុន្តែ​បែរជាប្រកែក​មិនព្រមរៀបការ​យកនាង​ធ្វើ​ជា​​ដៃ​គូរួមរស់​អស់មួយ​ជីវិត​ទេ​នោះ។ នេះបើតាមការ​ដកស្រង់​ដោយចេញ​ពីសារព័ត៌មាន Daily Mail របស់​ចក្រភព​អង់​គ្លេស នៅ​មុននេះ​បន្តិច​នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល​ភូមាបានឲ្យដឹងថា សេចក្តីព្រាង​ច្បាប់ថ្មីនេះ​ត្រូវបានបង្កើតឡើង​ដើម្បីចូលរួមចំណែក​ក្នុងវិធានការ​​សម្រាប់ការ​លើក​ស្ទួយ​ក៏ដូចជា​ពង្រឹង​សិទ្ធិស្រ្តីភេទ​ ខណៈពេល​ដែលប្រទេស​នៅតំបន់​​អាស៊ី​អាគ្នេយ៍​មួយនេះ​កំពុងបើកចំហ​យ៉ាងទូលំ​ទូលាយ បន្ទាប់ពីបានស្ថិត​ក្រោមការដឹកនាំ​ដោយរបបយោធា​អស់រយៈពេល​កន្លះសតវត្សរ៍​​មកហើយនោះ ដោយរួមបញ្ចូលទាំងច្បាប់ថ្មី​ដែលជាលើក​​ដំបូង​បំផុត​​នឹង​ចាត់​​​​អំពើ​​ហិង្សា​​ចូល​​ជា​បទល្មើស​ព្រហ្ម​ទណ្ឌ ហើយនឹង​អាចដាក់ទោសប្រហារ​ជីវិតចំពោះជនណា​ដែលប្រព្រឹត្តការ​រំលោភបំពានផ្លូវភេទជាក្រុមផងដែរ។

ថ្លែងប្រាប់សារព័ត៌មានបារាំង AFP លោក Naw Tha Wah ​ប្រធាននាយកដ្ឋាន​កិច្ចការសង្គម​នៃប្រទេស​ភូមា​បាននិយាយថា «យើងកំពុងតែ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ថ្មីមួយ​ដើម្បីការពារ​នារីភេទ​ និងទប់​ស្កាត់អំពើហិង្សា​ប្រឆាំង​នឹង​ពួកគេ ខណៈ​នីតិវិធី​នា​ពេល​នេះ​បាន​ឈាន​ដល់​​ដំណាក់​កាល​ចុង​ក្រោយ​ហើយ ក៏ប៉ុន្តែវាចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​ឯក​ភាព​​ពី​​គណៈរដ្ឋមន្រ្តី និងការអនុម័តពីសភាជាតិ​ដើម្បី​អាច​ក្លាយ​ទៅ​ជា​ច្បាប់​ពេញ​លេញ​បាន»

គួរបញ្ជាក់ថា បើសិនជាសេចក្តីព្រាងច្បាប់ថ្មី​នេះ​ អាចឆ្លងកាត់សភាជាតិបានដោយជោគជ័យ​ពិតមែននោះ វាមានន័យថាបុរសៗ​ភូមា នឹង​​ត្រូវ​​ប្រឈមមុខនឹង​ការ​ដាក់ពិន័យឲ្យជាប់ពន្ធនាគាររយៈពេល ០៥ឆ្នាំ បើសិនជាពួកគេបដិសេធមិនព្រមរៀបការជាមួយ​នឹងនារីជាគូស្នេហ៍ បន្ទាប់ពី​​​បានចំណាយ​ពេលរស់នៅ​ជាមួយគ្នាទៅ​ហើយនោះ ហើយនឹងអាចដល់ទៅ ០៧ឆ្នាំបើសិនជាខាងស្រី​ឈានដល់ការ​មានផ្ទៃពោះ​ថែមទៀត៕