(ម៉ានីល)៖ មនុស្ស ៣៣នាក់បានទទួលរងរបួសធ្ងន់ និងស្រាល ដោយសារតែការបំផ្ទុះគ្រាប់បែកមួយគ្រាប់​នៅក្នុងកម្មវិធីប្រកួតកីឡាប្រដាល់​នៅខេត្តភាគកណ្តាល​ប្រទេសហ្វីលីពីន។ នេះបើតាមការ​ដកស្រង់​សម្តីរបស់​មន្ត្រីរដ្ឋាភិបាល​ហ្វីលីពីន ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។

គ្រាប់បែកដែល​ត្រូវបានក្រុមជំនាញ​អះអាងថា​មានទំហំ ៨១មីលីម៉ែត្រ ត្រូវបានជនសង្ស័យ​បញ្ជាតាមរយៈ​ទូរស័ព្ទដៃ​ឲ្យផ្ទុះនៅកណ្តាល​ហ្វូងមនុស្ស ដែលកំពុងទស្សនា​ការប្រដាល់​នៅខាងក្រោយ​ទីផ្សារមួយកន្លែង ក្នុងខេត្ត Leyte ភាគកណ្តាល​ប្រទេសនៅ​យប់ថ្ងៃពុធ។ រហូតមកដល់​ពេលនេះ គេនៅពុំទាន់​កំណត់សញ្ញា​ជនសង្ស័យ​បាននៅឡើយទេ ហើយក៏គ្មានជន ឬក្រុមណាមួយចេញមុខទទួល​ខុសត្រូវនៅឡើយដែរ។

គួរបញ្ជាក់ថា​នៅមុនហេតុការណ៍​ខាងលើនេះ​កើតឡើង ក៏មានការបំផ្ទុះគ្រាប់​បែកធំ​មួយករណី​ទៀតដែរ នោះគឺការបំផ្ទុះគ្រាប់​ក្នុងព្រះវិហារ​គ្រិស្ត ស្ថិតនៅកោះ​មីនដាណាវ ភាគខាងត្បូង​ប្រទេស​ដែល​បានបង្កឲ្យ​មនុស្ស ១៦នាក់រង​របួស។ ឆ្លើយតបនឹង​បញ្ហាផ្ទួនៗ​នេះ បុរសខ្លាំង​​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយតឺតេ បានព្រមានថា ប្រទេសដីកោះនេះកំពុងរងការគំរាមកំហែងដោយ​ក្រុមសកម្មប្រយុទ្ធ​អ៊ីស្លាម ដែលមាន​ទំនាក់ទំនង​​ជាមួយក្រុមសកម្មប្រយុទ្ធ​នៅប្រទេស អ៊ីរ៉ាក់ និងស៊ីរី៕