(តិចសាស់)៖ រូបភាពពីវីដេអូកា​មេរ៉ាសុវត្ថិភាព ដែលត្រូវបានគេបង្ហោះលើ​ប្រព័ន្ធអ៊ីនធើណេត​នាពេលថ្មីៗ​នេះ បានបង្ហាញពីសកម្មភាពប៉ូលិស​ម្នាក់ក្នុងទីក្រុង Fort Worth នៃរដ្ឋតិចសាស់ ធ្វើការបាញ់​ប្រហារ​លើបុរស​ស្បែកខ្មៅ​ម្នាក់ចំខ្នង​ នៅពេលបុរសរូបនេះ​បានដើរទៅឆ្ងាយពីប៉ូលិស ប៉ុន្តែអ្នកជំនាញបានអះអាងថា​ បុរសស្បែក​ខ្មៅនោះ ហាក់ដូចជាមិនបានបង្កការគំរាមកំហែងអ្វីភ្លាមៗឡើយ ខណៈការបាញ់ប្រហារ​នេះ​បានក្លាយជា​ប្រធានបទ​ជជែក​ដេញដោល ពាក់ព័ន្ធនឹងភាពត្រឹមត្រូវ​នៃការអនុវត្ត​ច្បាប់ របស់ប៉ូលិស​អាមេរិក។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមរូបភាពវីដេអូ​កាមេរ៉ា រថយន្ដប៉ូលិស​បានបើកឆ្ពោះ​ទៅកាន់ចំណត​មួយ ហើយនៅ​ពេល​នោះ​បុរស​ម្នាក់​ឈ្មោះ David Collie​ បានដើរយឺតៗ​ចេញឆ្ងាយពី​ប៉ូលិស ដែលបាន​និងកំពុង​ស្វែងរក​ជនសង្ស័យម្នាក់​ប្រដាប់ដោយ​កាំភ្លើង ដែលត្រូវបានគេរៀបរាប់ពី​ភិនភាគដូចគ្នាទៅនឹង David Collie ជាហេតុធ្វើ​ឱ្យ​ប៉ូលិស​សង្ស័យថា David​ គឺជាជនសង្ស័យរូបនោះ​ និងបានបង្គាប់ឱ្យរូបគេ​លើកដៃឡើង ប៉ុន្តែនៅពេលនោះដែរ ​ប៉ូលិសបែរជាបាញ់ David ចំខ្នងដោយសារបានសន្និដ្ឋាន​ថា ជននោះមានកាំភ្លើង​នៅក្នុងដៃ។

ជុំវិញបញ្ហានេះមេធាវី​របស់ David​ លោក Nate Washington បានអះអាង​ថា «David​​ មិនបាន​បង្កការ​គំរាមកំហែងដល់ប៉ូលិសនោះទេ ហើយក៏មិនគួរត្រូវបាន គេរៀបរាប់ ភិនភាគដូចជា ​ជនសង្ស័យនោះដែរ ម្យ៉ាងវិញទៀតរូបគេ​បានធ្វើតាមបង្គាប់​របស់ប៉ូលិស ប៉ុន្តែបែរជាត្រូវបាញ់​ប្រហារចំខ្នង និងក្លាយជា​មនុស្សពិការ»។ ជាការតទល់នឹងរឿងរ៉ាវដ៏អយុត្តិធម៌នេះ លោក Nate Washington បានអះអាងថា លោកនឹងដាក់ពាក្យបណ្ដឹងប្តឹងមន្ត្រីប៉ូលិស​ខាងលើនេះ ជំនួសកូនក្ដីរបស់ខ្លួនដែលកំពុងរងរបួសធ្ងន់​រហូតដល់ពិការ ហើយប្រការក៏នឹងអាចដុតបញ្ហារើសអើងពណ៌សំបុរ​កាន់តែខ្លាំង​ ក្នុង​សង្គមអាមេរិក​ផងដែរ៕