(​សេអ៊ូល)៖ អាជ្ញាធរនិយ័តកម្ម​កូរ៉េខាងត្បូង​ប្រឆាំងការក្លែងបន្លំ បានសម្រេចចិត្តផាកពិន័យ ក្រុមហ៊ុន​បច្ចេកវិទ្យា​សារទូរគមនាគមន៍អាមេរិក Qualcomm​ ដោយតម្រូវឱ្យ​បង់ប្រាក់ ១.០៣ទ្រីលានវ៉ុន (៨៥៤លាន​ដុល្លារ​អាមេរិក) សម្រាប់ការរំលោភ​លើច្បាប់ស្ដីពីការប្រកួត​ប្រជែង​ តាមរយៈ​ការធ្វើពាណិជ្ជកម្ម​មិនត្រឹមត្រូវ​ពាក់ព័ន្ធនឹង​ប័ណ្ឌប៉ាតង់ និងការលក់ Modem chip ប៉ុន្តែក្រុមហ៊ុន​បញ្ជាក់ថា អាចប្ដឹងបន្តទៅកាន់តុលាការ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia​ នៅល្ងាចថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។​

គណៈកម្មាការកូរ៉េខាងត្បូង​ខាងតម្លាភាព​ពាណិជ្ជកម្ម ឬហៅកាត់ថា (KFTC) បានវិនិច្ឆ័យថា ក្រុមហ៊ុន Qualcomm​ បានរំលោភលើគោលជំហរទីផ្សារ ព្រមទាំងបានបង្ខំ​ឱ្យក្រុមហ៊ុនផលិត​ទូរស័ព្ទដៃមួយចំនួន បង់ប្រាក់មិនចាំបាច់សម្រាប់ការ​ទទួលបានប័ណ្ឌប៉ាតង់ ក្នុងក្របខ័ណ្ឌនៃការលក់ Modem chip​។ ជាងនេះ​ទៅ​ទៀត​បើតាម KFTC​ ក្រុមហ៊ុន Qualcomm ក៏បានដាក់កំហិតផងដែរ​លើការប្រកួតប្រជែង តាមរយៈការ​បដិសេធ ឬក៏កំណត់លើការ​ផ្ដល់ប័ណ្ឌ​ប៉ាតង់ស្ដង់ដា​ទាក់ទិននឹង Modem chip​ ដែលផលិតដោយ​ក្រុមហ៊ុន​ជាគូប្រជែង​របស់ខ្លួនដូចជាក្រុមហ៊ុន Intel Corp, Samsung Electronics Co Ltd និងក្រុមហ៊ុន MediaTek Inc ជាដើម។

គួរបញ្ជាក់ថា KFTC បានបើកការស៊ើបអង្កេត​លើការអនុវត្តន៍​ពាណិជ្ជកម្មរបស់​ក្រុមហ៊ុន Qualcomm​ នៅក្នុងឆ្នាំ២០១៤ បន្ទាប់ពី​មានពាក្យបណ្ដឹង​ពីក្រុមហ៊ុន​មួយ ដែលស្ថិតនៅក្រោម​ការលាក់បាំង​អត្តសញ្ញាណ៕ ​