(សេអ៊ូល)៖ កងទ័ពជើងទឹកនៃប្រទេសកូរ៉េខាងត្បូង​នៅថ្ងៃពុធនេះ​បានឲ្យដឹងថា ខ្លួននឹងបើក​សម្ពោធ​​សាលរំលឹក​ព្រឹត្តិការណ៍​​មួយកន្លែងនា​សប្តាហ៍​ក្រោយ​នេះ សម្រាប់​នាវា​ចម្បាំង​មួយគ្រឿង​ដែល​ត្រូវ​បាន​បាញ់​ពន្លិច​​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយមី​ស៊ីលក្រោមទឹក ​របស់កូរ៉េ​ខាង​​ជើងកាលពីឆ្នាំ២០១០។ នេះបើ​តាម​ការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅមុននេះបន្តិច​នារសៀលថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមសេចក្តីថ្លែងការណ៍​របស់យោធា​ជើងទឹក​កូរ៉េខាងត្បូង សាលរំលឹក​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ចូណាន (The Cheonan Memorial Hall) មានទីតាំង​នៅ​សួនសន្តិសុខ​មួយកន្លែង​ក្នុងកងអង្គភាព​ជើងទឹក​លេខ ២​ នៃទីក្រុងព្យុងទែក (Pyeongtaek) ដែល​ស្ថិតនៅ​​ចម្ងាយ ៧០​គីឡូ​ម៉ែត្រ​​ពីរដ្ឋធានី​​សេអ៊ូល នឹងត្រូវបើក​សម្ពោធ​ជាផ្លូវការ​សម្រាប់សាធារណជន​ចាប់ពីថ្ងៃចន្ទ សប្តាហ៍ក្រោយតទៅ។ ​

កងទ័ពជើងទឹកកូរ៉េខាងត្បូង​បានចំណាយថវិកា​ចំនួន ៤.៤៧ពាន់លានវ៉ុនដែលស្មើនឹង ៣.៧លានដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បីសាងសង់សាល​រំលឹក​ព្រឹត្តិការណ៍​​ប្រវត្តិសាស្រ្ត​នេះ​ នៅលើផ្ទៃដីមានទំហំ​១,៣៤០ម៉ែត្រក្រឡា។

សាលរំលឹកព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ ចូណាន ដែលរៀបចំឡើងដោយ​ផ្នែកតាំងបង្ហាញចំនួន ០៧កន្លែង ត្រូវបានរចនា​​ឡើងដើម្បី​បង្ហាញ​អំពី​អ្វី​​​ដែល​បាន​កើត​​ឡើង​ ​​ចំពោះ​នាវា​ចម្បាំង​ធុន​តូចរបស់​​កូរ៉េខាងត្បូង​មួយគ្រឿង​ឈ្មោះថា ចូណាន (Cheonan) កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១០, អំពី​ប្រតិបត្តិការ​​ជួយ​សង្រ្គោះ​របស់កងកម្លាំង​យោធាជើងទឹក, អំពីកិច្ចខិត​ខំប្រឹងប្រែង​ក្នុង​ការស្រោចស្រង់​អ្វីដែល​​នៅ​សេស​សល់​​ពី​នាវា​ដែល​​បាន​ដាច់​ជាពីរកំណាត់​នោះ​យកមកវិញ, ​និង​អំពីសកម្ម​ភាព​​ផ្សេងៗ​សំដៅរំលឹកដល់សោកនា​ដកម្ម​នាកាលនោះ។

គួរបញ្ជាក់តាមប្រទេសកូរ៉េខាងត្បូង​បានបញ្ជាក់យ៉ាងច្បាស់ថា​ ទីក្រុងព្យុងយ៉ាង​គឺជាអ្នកខុស​ទាំងស្រុង​នៅក្នុងការវាយ​ប្រហារ​​ដោយប្រើប្រាស់​​​មីស៊ីលក្រោម​ផ្ទៃទឹក ដែលបានសម្លាប់​​ជីវិត​នាវិក​កូរ៉េខាងត្បូង​ចំនួន ៤៧នាក់​ក៏ប៉ុន្តែកូរ៉េខាងជើង​បានច្រានចោល​ការអះអាងនេះ​ ទោះបីជា​មានភស្តុតាងច្រើនយ៉ាងណាក្តី៕