(មូស្គូ)៖ ក្រុមអ្នកជំនាញ​បានបញ្ចេញសំឡេងសន្ទនាចុងក្រោយ​របស់អាកាសយានិក នៃយន្ដហោះ​យោធា​រុស្ស៊ី ដែលបានធ្លាក់​នៅឯ​តំបន់សមុទ្រខ្មៅ កាលពីថ្ងៃ​ទី២៥ ខែធ្នូ ហើយបើតាម​សំឡេង​ដែលត្រូវបានរក្សា​ទុកនៅក្នុង​ប្រអប់ខ្មៅ មូលហេតុនៃ​សោកនាដកម្មនេះ​ អាចបណ្ដាល​មកពីបញ្ហាបច្ចេកទេសជាងបញ្ហាផ្សេងទៀត​។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពដដែលបានឱ្យដឹងដែរថា អាកាសយានិកដែលបញ្ជាលើយន្ដហោះធុន Tu-154​ ដែលបានធ្លាក់​នៅក្បែរទីក្រុង​ស៊ូឈី​នៃតំបន់សមុទ្រខ្មៅ បាននិយាយពីប្រព័ន្ធបញ្ហា ស្លាប​ទប់លំនឹង មុននឹងយន្ដហោះនេះធ្លាក់ ពោលគឺ នៅខណៈពេលការថតសំឡេងដោយប្រអប់ខ្មៅ​ត្រូវបានកាត់ផ្ដាច់ភ្លាមៗ គេលឺពីឡុតម្នាក់​ស្រែកថា «ចង្រៃមែន! ស្លាបទប់លំនឹង» មុននឹងស្រែកថា «យន្ដហោះរបស់យើងកំពុងធ្លាក់ហើយ»។ ក៏ប៉ុន្តែយ៉ាង​ណា​ក៏ដោយ​​ព័ត៌មាននេះពុំទាន់ត្រូវបានគេទទួលស្គាល់​ជាផ្លូវការ​ឡើយ​ គ្រាន់តែពេលនេះ​ធ្វើឱ្យគេកាន់​តែជឿជាក់​ថា បញ្ហាបច្ចេកទេសស្លាបយន្ដហោះ​អាចជាមូលហេតុដើម​ នៃសោកនាដកម្មធ្លាក់យន្ដហោះនេះដែលបាន​ផ្ដាច់យក​អាយុជីវិត​មនុស្ស​ទាំងអស់ ៩២នាក់។

គួររំលឹកថា​យន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស ៩២នាក់​បានបាត់ចេញពីប្រព័ន្ធរ៉ាដា​នៅម៉ោង​​ប្រមាណជា ០៥ ៖២៥នាទីទៀបភ្លឺ​កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសារទរបុណ្យណូអ៊ែល និងរៀបចំ​ការ​ប្រគុំតន្ត្រីសម្រាប់កងទ័ពរុស្ស៊ី​ដែលកំពុងឈរជើងនៅទីនោះ ហើយរហូត​មកទល់នឹងពេលនេះ​សាកសព​មនុស្ស ១៣នាក់​​ត្រូវបានគេស្រង់​ចេញពីទឹកសមុទ្រ។

កាលពីដំបូងឡើយ ​រដ្ឋមន្ត្រីដឹកជញ្ជូនរុស្ស៊ី លោក Maksim Sokolov​ បានអះអាងថា ប្រអប់ខ្មៅ​ដែល​រកឃើញគឺជាឧបករណ៍រក្សាទុកទិន្នន័យមិនមែនជា ឧបករណ៍រក្សាទុក​សំឡេង​នោះឡើយ ប៉ុន្តែក្រោយមក​ទើបគេបញ្ជាក់ថាវាជាប្រដាប់ថតសំឡេង (Voice Recorder) ដែលក្រុមជំនាញកំពុងធ្វើការទាញយក​ទិន្នន័យនៅឡើយ៕