(ហាវៃ)៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក​ សិន ហ្សូអាបេ ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក Pearl Harbour នៃកោះហាវៃ ​ដែលធ្លាប់ទទួលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពជប៉ុន នៅអំឡុងសម័យសង្រ្គាមលោកលើកទី២ មិនមែនមានន័យថា ជប៉ុនយល់ព្រមសូមទោសសហរដ្ឋអាមេរិកនោះទេ ហើយការសូមទោសនេះក៏មិនស្ថិត នៅក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចនេះដែរ។ នេះបើតាមការចេញផ្សាយដោយសារ ព័ត៌មានចិន CCTV​ នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។​

ដំណើរទស្សនកិច្ចរបស់លោក អាបេ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកផុតអណត្តិ លោក បារ៉ាក់ អូបាម៉ា បានបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តកាលពីខែឧសភា ទៅកាន់ទីក្រុងហីរ៉ូស៊ីម៉ា​ ជាទីដែលទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានផ្ដល់មេរៀនដ៏ជូចត់មិនអាចបំភ្លេចបានសម្រាប់ជប៉ុន នោះគឺរសជាតិគ្រាប់បែកនុយក្លេអ៊ែ។ តែយ៉ាងណាក៏ដោយ នៅក្នុងឱកាសនោះដែរ លោក អូបាម៉ា មិនបានសូមទោស ទីក្រុងតូក្យូឡើយ។

ដោយឡែកពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក អាបេ, រដ្ឋាភិបាលទីក្រុងប៉េកាំង បានឆ្លៀតយកឱកាសនេះរំលឹកឡើងវិញនូវទង្វើដែលកងទ័ពជប៉ុន បានប្រព្រឹត្តិមកលើប្រជាជនចិន ដោយអះអាងការវាយប្រហារទៅលើមូលដ្ឋានទ័ព Pearl Harbour​ គឺជាសោកនាដកម្មមួយសម្រាប់ប្រជាជនអាមេរិក ក៏ប៉ុន្តែ ជាពិសេសគឺជប៉ុន មិនត្រូវបំភ្លេចឡើយការសូមទោសចំពោះការឈ្លានពាន និងការសម្លាប់រង្គាលប្រជាជនចិន នៅក្នុងទីក្រុងណានជីង។

នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះលោក ស៉ីនហ្សូ អាបេ នឹងអមដំណើរ​ដោយប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា ដែលវានឹងក្លាយជា​ដំណើរទស្សនកិច្ច​​លើក​ទីមួយ ​​​មិន​ធ្លាប់​មានឡើយ​​ ដោយមេដឹកនាំ​នៃប្រទេសទាំងពីរ​ទៅកាន់​កំពង់ផែ Pearl Harbor គិតចាប់តាំងតែពី​ការវាយប្រហារ​​បាន​កើត​​មានឡើង ហើយ​លោក​ទាំង​ពីរ នឹងធ្វើការ​​បន់​ស្រន់​​បួង​សួង​​នៅនឹង​កន្លែង​ ដែលបាន​ទទួលរង​ការវាយប្រហារផ្ទាល់នេះ ​ចំពោះ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ ប៉ុន្តែលោក អាបេ នឹងមិនធ្វើការសូមទោស​នោះឡើយ​ ចំពោះអ្វី​ដែលបានកើតឡើង​កាលពីអតីតកាល។

ដោយឡែកក្រោយមកទៀត លោកនាយករដ្ឋមន្រ្តីជប៉ុន និងលោកប្រធានាធិបតីអាមេរិក នឹងមាន​កិច្ចពិភាក្សា​គ្នា​មួយនៅកោះហាវ៉ៃ ដែល​ជា​កិច្ច​ប្រជុំ​ចុង​ក្រោយបង្អស់រវាងមេដឹកនាំទាំងពីររូប នៅមុនពេលដែលលោក អូបាម៉ា ចាកចេញពីកៅអីជាប្រធានាធិបតីនាខែមករា ឆ្នាំ២០១៧​ ឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពជើងទឹក​របស់អធិរាជ​ជប៉ុន​ បានលួចបើក​ការវាយប្រហារ​ដ៏គួរឲ្យភ្ញាក់ផ្អើល​បំផុត​ ទៅលើកងនាវា ជើងទឹកអាមេរិក​ ដែលមានមូលដ្ឋាន​​នៅកំពង់ផែ Pearl Harbor នៃកោះហាវ៉ៃ ដោយភាគីអាមេរិក​ពុំបានដឹងខ្លួនជាមុននោះ​ឡើយ ដែលហេតុនេះហើយទើបធ្វើ​ឲ្យកងទ័ព ក៏ដូចជាប្រជាជនស៊ីវិល​អាមេរិករាប់ពាន់នាក់ បានបាត់បង់ជីវិត​នៅហេតុការណ៍​នោះ ហើយវា​ក៏ជាកត្តាដែលបង្ខំឲ្យអាមេរិកលូកដៃ​ ចូលក្នុងសង្រ្គាម​លោកលើកទីពីរ​ផងដែរ៕