(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ហេនរី ឃីសស៊ីនហ្គឺ (Henry Kissinger)​ កំពុងមាន​ផែនការ និងគិតគូ​ធ្វើយ៉ាងណាក្នុងការ​ផ្ដល់ប្រឹក្សាដល់​ប្រធានាធិបតីអាមេរិក​ជាប់ឆ្នោត លោក ដូណាល់ ត្រាំ ​ដើម្បីផ្សះផ្សាឡើងវិញនូវទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ខណៈវិស័យយោធា​របស់ចិន​កាន់តែរីកចំរើន​ទៅមុខ​ ហើយដែលយុទ្ធសាស្ត្របែបនេះ សហរដ្ឋអាមេរិក​ក៏ធ្លាប់បានប្រើផងដែរ​នៅអំឡុង​សម័យ​សង្រ្គាមត្រជាក់ តាមរយៈការសហការ​ជាមួយទីក្រុង​ប៉េកាំងប្រឆាំងនឹង​ការពង្រីកឥទ្ធិពល​លទ្ធិកុម្មុយ​នីស្ដ​ពីសំណាក់អតីត​សហភាពសូវៀត។ នេះបើតាមរបាយការណ៍​សម្ងាត់មួយ​ចេញផ្សាយដោយ​កាសែត​អាល្លឺម៉ង់ Bild និងចុះផ្សាយបន្ត​ដោយសារព័ត៌មាន Sputnik ​នៅរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ ២០១៦។  

កាសែតអាល្លឺម៉ង់ដដែល​បានឱ្យដឹងថា យោងតាមការវិភាគព័ត៌មាន​ដែលទីភ្នាក់ងារស៊ើបការ​សម្ងាត់អឺរ៉ុប ទទួលបានពីក្រុមអ្នក​រៀបចំការផ្ទេរ​អំណាចរបស់​លោក ដូណាល់ ត្រាំ រដ្ឋាភិបាលអាមេរិក​ក្រោមការដឹកនាំ​ដោយមហាសេដ្ឋី​អចលនទ្រព្យ​រូបនេះ មាន បំណងស្ដារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​​ក្នុងលក្ខណៈ​ស្ថាបនា​ជាមួយរុស្ស៊ី។ បន្ថែមពីលើនេះ​អតីតប្រមុខការទូតអាមេរិកជើងចាស់​​នៅសម័យអតីត​ប្រធានាធិបតី​អាមេរិក លោក រីឆាត និចសុន (Richard Nixon) និង លោក ជឺរ៉ុល ហ្វត (Gerald Ford) គឺលោក ហេនរី ឃីសស៊ីនហ្គឺ បានជួបគ្នាជាច្រើនលើក​កាលពីប៉ុន្មានខែមុននេះ​ជាមួយលោក ត្រាំ ដើម្បីពិភាក្សាគ្នាពីបញ្ហានានា នេះរហូតដល់មានពាក្យចរចាមអារាមថា លោក ឃីសស៊ីងហ្គឺ អាចនឹងក្លាយជាទីប្រឹក្សា​នយោបាយ​ការបរទេស​ក្រៅផ្លូវការរបស់លោក ត្រាំ ថែមទៀតផង។​

គួរបញ្ជាក់ថា​បើតាមរបាយការណ៍សម្ងាត់​ខាងលើ ដើម្បីអាចផ្សះផ្សា​ទំនាក់ទំនង​ជាមួយរុស្ស៊ី ទីក្រុង​វ៉ាស៊ីនតោន អាចនឹងទទួល​ឥទ្ធិពលរបស់រុស្ស៊ី លើប្រទេស​ជាអតីតដែនសហភាព​សូវៀត ដូចជា អ៊ុយក្រែន ហ្ស៊កហ្ស៊ី និងកាហ្សាក់ស្ថាន ព្រមទាំងត្រូវបិទភ្នែក​ពាក់ព័ន្ធនឹង​បញ្ហានៅតំបន់គ្រីមមៀ និងដកទណ្ឌកម្មពីទីក្រុងមូស្គូ ជាការដោះដូរ​នឹងការដកកងទ័ពរុស្ស៊ី​ចេញពីតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ជាដើម៕