(តៃប៉ិ)៖ បន្ទាប់ពីជប៉ុន ឥឡូវនេះដល់វេនកោះតៃវ៉ាន់វិញម្ដងហើយ ដែលកំពុងតែព្រួយបារម្ភ និងតាមដាន​យ៉ាងយកចិត្ត​ទុកដាក់​ជុំវិញ​សកម្មភាព​របស់ នាវាផ្ទុក យន្ដហោះចម្បាំងចិន ដែលបាន​និងកំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ខេត្តហៃណាន់ នៃភាគខាងត្បូងប្រទេសចិន ដោយឆ្លងកាត់តាមសមុទ្រចិនខាងត្បូង។ នេះបើ​តាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​​សារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។​

យោងតាមមន្ត្រី​ក្រសួងការពារជាតិ​តៃវ៉ាន់​ នាវាផ្ទុកយន្ដហោះ​ចម្បាំងចិន លៀវនីង (Liaoning) ក៏ធ្លាប់បាន​ធ្វើដំណើរ​ជុំវិញ​កោះតៃវ៉ាន់ ដោយដំបូងឡើយនាវានេះ​ធ្វើការឆ្លងកាត់តាមកោះ មីយ៉ាកុ និងកោះ អូគីណាវ៉ា របស់ជប៉ុន បន្ទាប់មកទើប​បន្តឆ្ពោះទៅកាន់​ភាគខាងត្បូងកោះតៃវ៉ាន់ កាត់តាមព្រែកជីក បាស៊ី (Bashi)​ ស្ថិតនៅរវាងកោះតៃវ៉ាន់ និងហ្វីលីពីន។

មន្ត្រីដដែល​បានបញ្ជាក់ទៀតថា នាវាចម្បាំង លៀវនីង នៅតែរក្សាផ្លូវធ្វើដំណើរ​ទៅភាគនិរតី​ឆ្ពោះទៅកាន់​ខេត្ត ហៃណាន់ ជាជាងចូលកាន់តែ​ជ្រៅនៅក្នុងតំបន់ជម្លោះ​ សមុទ្រចិនខាងត្បូង ក្បែរទីប្រជុំកោះ Spratly។ ទោះបីជាយ៉ាងណាក៏ដោយ ខាងទីក្រុងប៉េកំាង​បានប្រាប់កុំឱ្យ តៃវ៉ាន់ និងជប៉ុនមានការភ័យខ្លាច និងយល់ច្រឡំធ្វើអ្វី ព្រោះថាដំណើរ​នាវាចម្បាំងចិន​គឺគ្រាន់តែជាផ្នែកមួយ​នៃ​ការធ្វើសមុយុទ្ធយោធា​ធម្មតាៗ ដូចទម្លាប់​សព្វដង​តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ចាប់តាំងពីមានកិច្ចសន្ទនា​តាមទូរស័ព្ទ រវាងប្រធានាធិបតីតៃវ៉ាន់ និងលោក ដូណាល់ ត្រាំ ទីក្រុងប៉េកាំង បានបង្ហាញការខឹងសម្បារ​ជាខ្លំាង ហើយកាន់តែបង្កើន​សកម្មភាពយោធា​របស់ខ្លួន នៅតំបន់ដែនទឹកក្បែរ​កោះតៃវ៉ាន់ ក៏ដូចជានៅតំបន់សមុទ្រចិនខាងត្បូង និងខាងកើត​ផងដែរ៕