(ញូយ៉ក)៖ គណនី Twitter របស់ក្រុមហ៊ុន​ដ៏ថ្មីខាងវិស័យកម្សាន្ត​របស់អាមេរិក Sony Music ត្រូវបានគេ​ Hack ហើយបានធ្វើការចេញផ្សាយបោកប្រាស​ថា​ អតីត​រាជនី​​ចម្រៀងប៉ុប (Pop Music) អ្នកនាង ប្រ៊ីតនី ស្ពៀរយ៍ (Britney Spears) បានទទួលមរណភាពបាត់ទៅហើយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

​នៅថ្ងៃអង្គារនេះគណនីរបស់ក្រុមហ៊ុនចម្រៀង Sony Music ដែលមានឈ្មោះថា «Sony Music Global» នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter បានបង្ហោះសារយ៉ាងខ្លីមួយថា «RIP @britneyspears» និង «#RIPBritney 1981-2016» ដោយ​ភ្ជាប់​ជាមួយ​នូវ​រូប​ភាព​នៃ​ទឹក​មុខ​ស្រក់​ទឹក​ភ្នែកយ៉ាងកំសត់ថែមទៀតផង ហើយក្រោយមក​សារក្លែងក្លាយ​ទាំងប៉ុន្មាននោះ ក៏ត្រូវបានលុបចោលវិញ។

ក្រុមហ៊ុន Sony Music ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន Sony Corporation ដ៏ធំរបស់ជប៉ុន​បានឲ្យដឹង​តាមរយៈសេចក្តី​ថ្លែងការណ៍​​យ៉ាង​ខ្លីមួយថា គណនី​នៅលើបណ្តាញសង្គម​របស់ខ្លួនត្រូវបានគេ Hack ប៉ុន្តែពេលនេះស្ថានការណ៍បានស្ថិតក្រោមការគ្រប់គ្រង​ និងវិលទៅរក​សភាពប្រក្រតី​ដូចដើមវិញ​ហើយ ហើយក្រុមហ៊ុនក៏បានសូមអភ័យទោស​ចំពោះអ្នកនាង ប្រីតនី ស្ពៀរយ៍ ក៏ដូចជា​អ្នកគាំទ្រ​របស់អ្នក​នាង​ផង​ដែរសម្រាប់ការភ័ន្តច្រឡំណាមួយ​​ដែលបានកើត​មានឡើង។

ទន្ទឹមគ្នានេះអ្នកចាត់ការ​របស់អ្នកនាង ស្ពៀរយ៍ លោក អាដាំ លេបឺ (Adam Leber) បានប្រាប់​ស្ថានីយ​ទូរទស្សន៍ CNN ថាពុំមានអ្វីកើតឡើងចំពោះ​កំពូលតារាចម្រៀងអន្តរជាតិ​ និងជាម្ចាស់ពានរង្វាន់​ហ្គ្រេម្មី (Grammy Award) វ័យ ៣៥ឆ្នាំរូបនេះឡើយ។  

គួរបញ្ជាក់ថា​ក្រុមហ៊ុនកម្សាន្ត Sony Pictures ក៏ធ្លាប់ជាជនរងគ្រោះ​ដោយការវាយ​លុក​តាមរយៈប្រព័ន្ធ​អ៉ីនធឺណែត​ផងដែរ​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលការិយាល័យ ស៊ើបអង្កេត​ សហព័ន្ធ​អាមេរិក​បានធ្វើការ​សន្និដ្ឋានថា​​គឺជាថ្វីដៃរបស់កូរ៉េខាងជើង ដោយការ Hack នាពេលនោះ​ត្រូវបានធ្វើឡើង​តែមួយខែប៉ុណ្ណោះ​មុនពេលដែលក្រុមហ៊ុន​ផលិត​ភាពយន្ត Sony Pictures បានគ្រោងនឹង​ដាក់បញ្ចាំងរឿង «The Interview» ដែលស្តីអំពីអ្នកសារព័ត៌មាន​ចំនួនពីរនាក់ ត្រូវបានជ្រើសរើស​ដោយទីភ្នាក់​ងារ​ចារ​កម្ម CIA របស់​សហរដ្ឋ​អាមេរិកឲ្យទៅធ្វើឃាតប្រមុខដឹកនាំកំពូល​ នៃប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន៕