(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិមែនទែន លោក បារ៉ាក់ អូបាម៉ា បាននិយាយថា លោក​នឹងឈ្នះលោក ដូណាល់ ត្រាំ ដោយ​ទទួលបានសំឡេងគាំទ្រភាគច្រើន​ពីប្រជាជន​អាមេរិក បើសិនជាលោក​អាចឈរឈ្មោះ​ជាបេក្ខភាពប្រធានាធិបតី​អាមេរិកម្ដងទៀត សម្រាប់អាណត្តិទី៣នោះ ប៉ុន្តែលោក ដូណាល់ ត្រាំ អះអាងថាវាជារឿង​ដែលមិនអាចទៅរួច ឬគ្មានផ្លូវនោះឡើយ។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុង​បទសម្ភាសន៍មួយ​ចេញផ្សាយ​នៅថ្ងៃចន្ទ លោក បារ៉ាក់ អូបាម៉ា បានគូសបញ្ជាក់ថា «ខ្ញុំជឿ​ជាក់ថា​បើសិន​ជាខ្ញុំចូលរួមប្រកួតប្រជែង​ក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីសាជាថ្មី នោះ​ខ្ញុំនឹងឈ្នះ​ដោយ​ទទួល​បានគាំទ្រ​ភាគច្រើនពី​ប្រជាជនអាមេរិក»។ ប៉ុន្តែឆ្លើយ​តបទៅនឹងការលើកឡើង​នេះដែរ​ប្រធានាធិបតី​អាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter​ ថា «គ្មានផ្លូវនោះទេ» ​ឬ «No​ Way!» ហើយលោក​ថែមទាំងបញ្ជាក់ថា លោកនឹងបង្កើត​ការងារនៅក្នុង​សហរដ្ឋអាមេរិក​ព្រមទាំងតស៊ូ​ប្រយទ្ធ​ប្រឆាំង​នឹងក្រុមភេរវករ ISIS​ បូករួមទាំងគោលនយោបាយ ObamaCare​ ផងដែរ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលថ្មី​របស់លោក នឹងស្បថចូលកាន់តំណែង​ជាផ្លូវការនៅថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០១៧ ខណៈក្រុមអ្នកជំនាញនយោបាយខ្លះយល់ថា ប្រធានាធិបតីអាមេរិកថ្មីរូបនេះ អាចនឹងលុបចោលពី ៦០ ទៅ ៧០ភាគរយនៃគោលនយោបាយ ឬការអនុវត្តនានាដែលចុះហត្ថលេខា ដោយលោក បារ៉ាក់ អូបាម៉ា។ ងាកមកមើលច្បាប់រដ្ឋធម្មនុញ្ញអាមេរិកវិញ គឺបានចែងយ៉ាងច្បាស់លាស់ថា​ ប្រធានាធិបតីមួយរូបមានសិទ្ធិកាន់អំណាចបានតែពីរអាណត្តិប៉ុណ្ណោះ ដែលមួយអាណត្តិស្មើនឹងបួនឆ្នាំ៕