(មូស្គូ)៖ មនុស្សទាំង៩២នាក់ មិនមាននរណាម្នាក់នៅរស់រាន្តមានជីវិតឡើយ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះដឹក ក្រុមតន្ត្រីយោធារុស្ស៊ី នៅឯសមុទ្រខ្មៅ។ ក៏ប៉ុន្តែ វាអាចនិយាយបានថាជាសំណាងមួយ ដែលសមាជិកពីររូបនៃក្រុម តន្ត្រី Alexandrov គឺលោក Vadime Ananyev និងលោក Vladimir Khlopnikov មិនបានជិះនៅលើយន្ដហោះនេះ ដោយសារកូនៗរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។

បើតាម Sputnik​ លោក Vadime Ananyev បានលុបចោលដំណើរទៅកាន់ប្រទេសស៊ីរី ដោយសារបញ្ហាគ្រួសារនោះ គឺប្រពន្ធរបស់លោកបានសម្រាលកូនប្រុសម្នាក់ ខណៈលោក Vladimir Khlopnikov ក៏មិនបានឡើងជិះលើយន្ដហោះ យោធារុស្ស៊ី Tu-154​ នេះដែរ ដោយសារកូនស្រីរបស់លោកមានជំងឺ។

គួរបញ្ជាក់ថា យន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស៩២នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥ នាទី ទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសារទរបុណ្យណូអ៊ែល និងរៀបចំការប្រគំតន្ត្រីសម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅទីនោះ។ ប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុកពេញមួយថ្ងៃ នៅទូទាំងប្រទេស ដោយចាប់ផ្ដើម នៅថ្ងៃចន្ទនេះ ហើយក្នុងថ្ងៃដដែលនេះដែរ ក្រុមអ្នកជួយសង្រ្គោះបានរកឃើញសាកសពមនុស្ស១១នាក់ និងបំណែក មួយចំនួននៃយន្ដហោះដែលបានធ្លាក់៕