(មូស្គូ)៖ ប្រភពស្និតនឹងក្រុមអ្នកជួយសង្រ្គោះរុស្ស៊ី បានឱ្យដឹងថា សាកសពមនុស្សយ៉ាងហោចណាស់ ១១នាក់ ត្រូវ បានគេរកឃើញ នៅក្នុងប្រតិបត្តិការស្វែងរកយន្ដហោះយោធារុស្ស៊ី​ ដែលបានធ្លាក់នៅឯសមុទ្រខ្មៅនៅថ្ងៃអាទិត្យ ម្សិល មិញ ខណៈការសន្និដ្ឋានជំហានដំបូង អះអាងថា មូលហេតុធ្លាក់ គឺអាចបណ្ដាលមកពីបញ្ហាបច្ចេកទេស ឬកំហុសរបស់ ពីឡុត មិនមែនជាទង្វើភេរវកម្មឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមក្រសួងការពាររុស្ស៊ី ក្រុមអ្នកជួយសង្រ្គោះ ៣,៥០០នាក់ បាននិងកំពុងធ្វើប្រតិបត្តិការស្វែងរកប្រអប់ខ្មៅ របស់យន្ដហោះ ក៏ដូចជាសាកសពជនរងគ្រោះទាំងអស់ ហើយជាលទ្ធផលពួកគេ បានរកឃើញសាកសពមនុស្ស ១១នាក់ និងបំណែកមួយចំនួននៃយន្ដហោះយោធារុស្ស៊ីធុន Tu-154  ដែលត្រូវបានបញ្ជូនតាមយន្ដហោះយោធា​មួយ គ្រឿងទៅកាន់ទីក្រុងមូស្គូ ដើម្បីធ្វើតេស្ដ DNA​ និងត្រួតពិនិត្យ។

សូមជំរាបថា យន្ដហោះយោធារុស្ស៊ីធុន Tu-154 ដឹកមនុស្ស៩២នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥ នាទី ទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ក្រោយពេលហោះចេញពី ទីក្រុងស៊ូឈី នៃភាគខាងត្បូងប្រទេសរុស្ស៊ី ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសារទរបុណ្យណូអ៊ែល និងរៀបចំការប្រគំតន្ត្រីសម្រាប់កងទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅទីនោះ។ រីឯប្រធានាធិបតីរុស្ស៊ីប្រកាសកាន់ទុកពេញមួយថ្ងៃនៅទូទាំងប្រទេសដោយចាប់ផ្ដើម នៅថ្ងៃចន្ទនេះ៕