(ម៉ានីល)៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពល​មួយឈ្មោះ​ថា ណក់ធែន (Nock-Ten) កំពុងវាយប្រហារ​បណ្តាខេត្ត​មួយ​ចំនួន​ដែលស្ថិត​នៅ​ភាគខាង​ត្បូង​រដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីន​បន្ទាប់ពីបាន​ផ្តាច់យកជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ចំនួន​បីនាក់។ នេះបើតាមមន្រ្តីប៉ូលិស និង​អាជ្ញាធរក្នុងតំបន់​ដែល​​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច​នាល្ងាចថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។

លោក ​Al Francis Bichara អភិបាលខេត្ត​ អាល់បេយ (Albay) ដែលស្ថិតនៅប៉ែក​អាគ្នេយ៍​នៃកោះលូហ្សូន (Luzon) បានឲ្យដឹងថា​ ជនរងគ្រោះរួមមានស្រ្តីវ័យ ៥៧ឆ្នាំម្នាក់​ដែលបានបាត់បង់ជីវិត​ដោយសារ​ជញ្ជាំងបេតុង​ដួលរលំលើ​ជាមួយប្តីប្រពន្ធមួយគូ​ដែលបុរសជាប្តីអាយុ ៧៣ឆ្នាំ និង​ស្ត្រីជាប្រពន្ធ​អាយុ ៧០ឆ្នាំ ដែលអ្នកទាំងពីរ​បានលង់ទឹក​ស្លាប់នៅក្នុង​ទន្លេ។

ជាមួយគ្នានេះដែរ​លោក Bichara បានបន្ថែមថា​ សេវាកម្មដឹកជញ្ជូន សាលារៀន​ និងការិយាល័យ​នៅក្នុងខេត្ត​ខាងលើ​ត្រូវបាន​​បិទ​ជា​​បណ្តោះ​អាសន្ន ហើយនៅទូទាំង​ខេត្​តអាល់​បេនិងបណ្តាខេត្តក្បែរ​ខាង​មួយចំនួនទៀត ក៏បានបាត់បង់ថាមពលអគ្គិស​នី​ផងដែរ នៅក្រោយ​ពេលដែលបាន​ទទួលរងការ​វាយប្រហារ​ដោយព្យុះទីហ្វុង ណក់ធែន ឬក៏អាច​ហៅ​ម្យ៉ាងទៀតតាមប្រជាជនហ្វីលីពីនបានថា ព្យុះទីហ្វុងនីណា ​(Nina)។

យ៉ាងណាមិញក្រុមប្រឹក្សា​គ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ​ធម្មជាតិ​ ឬហៅកាត់ថា (NDRRMC) មិនទាន់បូកសរុប​បាន​ចំនួនជនរងគ្រោះ​ជាផ្លូវការនៅ​ឡើយទេ ដោយបានបញ្ជាក់ថា​ ព្យុះទីហ្វុង​ណក់ធែន​​កំពុងតែនៅបន្តវា​យ​ប្រហារ​លើខេត្តផ្សេងៗ​ទៀត ខណៈពេល​ដែលវាធ្វើដំណើរ​ឆ្ពោះទៅកាន់ទិស​ខាងលិច​នៃកោះលូហ្សូន​ជាមួយល្បឿន ២០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា បើយោងតាម NDRRMC មកទល់រសៀលថ្ងៃចន្ទនេះ​ប្រជាជនហ្វីលីពីន​ជាង ៧៧,៥៦០គ្រួសារ ឬ ៣៨៣,០៩៧នាក់ត្រូវបាន​ជម្លៀសខ្លួន​ជាបន្ទាន់ចេញពី​តំបន់ Calabarzon, Bicol, Mimaropa, និងតំបន់ Eastern Visayas ហើយព្យុះទីហ្វុងណក់ធែនឬនីណា ត្រូវបាន​គេព្យាករណ៍ថា​នឹងចាកចេញផុតពីប្រទេស​ហ្វីលីពីន​នាព្រឹកថ្ងៃពុធ​ខានស្អែកនេះ៕