(មូស្គូ)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរុស្ស៊ី លោក Maksim Sokolov បានឱ្យដឹងនៅ​ថ្ងៃចន្ទ​នេះថា គ្រោះថ្នាក់​ធា្លក់យន្ដហោះយោធា​រុស្ស៊ីធុន Tu-154 នៅឯទីក្រុងស៊ូឈី នៃតំបន់ សមុទ្រខ្មៅ ដែល​សម្លាប់​មនុស្ស​ ៩២នាក់ នៅថ្ងៃអាទិត្យម្សិលមិញ​មិនមែនជាទង្វើភេរវកម្មអ្វីនោះទេ ប៉ុន្តែវាអាច​បណ្ដាលមកពី​កត្តាកំហុស​ផ្នែក​បច្ចេកទេស​ ឬក៏ដោយសារ កំហុសរបស់អាកាសយានិក។​ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today​​ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។

សូមជំរាបថា យន្ដហោះយោធារុស្ស៊ីធុន Tu-154 បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោងប្រមាណជា ០៥ ៖២៥នាទី​ទៀបភ្លឺ (ម៉ោងនៅក្នុង​តំបន់) ក្រោយពេល​ហោះចេញពី​ទីក្រុងស៊ូឈី នៃភាគខាងត្បូង​ប្រទេសរុស្ស៊ី​ក្នុងដំណើរ​ផ្លូវ​ឆ្ពោះ ទៅកាន់ប្រទេសស៊ីរី ដើម្បីអបអរសារទរថ្ងៃបុណ្យណូអ៊ែល និងរៀបចំការប្រគំតន្ត្រី សម្រាប់កងទ័ពរុស្ស៊ី ដែលកំពុង ឈរជើងនៅក្នុងប្រទេសស៊ីរី។ ចំណែកឯ​មូលហេតុធ្លាក់​ពិតប្រាកដ​កំពុង​ស្ថិត​នៅក្រោមការស៊ើបអង្កេត ខណៈប្រធានាធិបតីរុស្ស៊ី​បានប្រកាសកាន់ទុក្ខ​ពេញមួយថ្ងៃ​នៅទូទាំងប្រទេស ដោយនៅក្នុងថ្ងៃចន្ទនេះ៕