(វ៉ាទីកង់)៖ សម្តេច ប៉ាប ហ្រ្វង់ស័រ (Pope Francis) នៅថ្ងៃអាទិត្យបានថ្លែងសារមួយ ​ដែលមាន​ន័យយ៉ាង​ជ្រាលជ្រៅ​នាឱកាសនៃ​បុណ្យគ្រិស្មាស់ ក្នុងន័យផ្តល់​ជា​ក្តី​សង្ឃឹម​​ដល់​ពិភព​លោក​ ដែលកំពុង​ហែកហួរ​ដោយសារ​សង្រ្គាម និងអំពើភេរវកម្មហើយ​​សម្តេច​ក៏​បាន​អំពាវនាវ​ ឲ្យមនុស្សគ្រប់រូបចងចាំ​ជន​អន្តោប្រ​វេសន៍ ជនភៀសខ្លួន​ក៏ដូចជាអ្នកទាំងឡាយ​ ដែលបានទទួលរងគ្រោះ​ ដោយ​អស្ថិរ​ភាព​សេដ្ឋកិច្ច​​ដោយសារតែ «ការស្រឡាញ់លុយផ្កាប់​មុខ»។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច​នាព្រឹកថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងទៅកាន់មនុស្ស​ប្រហែល ៤០,០០០នាក់ដែលជួបជុំគ្នានៅទីលាន​គោរពបូជា​សេនភីតឺ (St. Peter's Square) នៃបុរីវ៉ាទីកង់ សម្តេច ប៉ាប ហ្រ្វង់ស័រ បាន​​និយាយដូច្នេះថា «សន្តិភាពទៅដល់អ្នកទាំង​ឡាយណា​ដែលបានបាត់បង់​មនុស្សជាទីស្រឡាញ់​របស់ខ្លួន ដោយ​សារ​តែ​សកម្ម​ភាព​ដ៏សាហាវ​ឃោរ​ឃៅ​នៃអំពើភេរវកម្ម ដែលបានចាក់ដោតសេចក្តីភ័យខ្លាច និងសេចក្តីស្លាប់ទៅ​ក្នុងបេះដូង​នៃ​ប្រទេស​ក៏​ដូច​ជា​​ទី​ក្រុង​ជា​ច្រើន ហើយថ្ងៃនេះ​សារ​​នៃ​សន្តិ​ភាពមួយ​នេះ​ ​នឹងឆ្ពោះទៅកាន់ជើងមេឃ​ដើម្បីទៅដល់មនុស្ស​ម្នាទាំងឡាយ ជាពិសេសអ្នកដែលរងគ្រោះ​​ព្រោះ​តែ​​សង្រ្គាម ​​និង​ជម្លោះ​ដ៏រុំារ៉ៃ​ដែលទំនងជាខ្លាំងក្លា​ជាងឆន្ទៈនៃការ​ចង់បានសន្តិភាពទៅទៀត»

បន្ថែមពីនេះសម្តេច ប៉ាប ហ្រ្វង់ស័រ ក៏បានអំពាវនាវក្នុងគោលបំណង​ស្វែងរកសន្តិភាព​ ជូនប្រទេស​ស៉ីរីផងដែរ ដោយសម្តេច​បាន​ទទូច​ ឲ្យ​មាន​ជំនួយ​ជាបន្ទាន់សម្រាប់ប្រជាជនរង​គ្រោះ​ នៃ​ទីក្រុង​អាឡេប៉ូដែលកងកម្លាំង​រដ្ឋាភិបាលស៉ីរី បានវាយដណ្តើម​យក​​មក​កាន់​កាប់​វិញ ​​កាល​ពី​សប្តាហ៍​មុន នៅក្រោយ​រយៈពេលបួនឆ្នាំ​នៃការ​ប្រយុទ្ធគ្នា​ជាមួយពួកឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល ដែល​បាន​បំផ្លិច​​បំផ្លាញ​​ទីក្រុ​ដ៏អភ័ព្វ​​មួយនេះ ​ខ្ទេច​ខ្ទី​​គ្មាន​សល់។

នៅក្នុងឱកាសនោះដែរ សម្តេច ប៉ាប ហ្រ្វង់ស័រ ក៏បានស្នើឲ្យប្រជាជនប៉ាឡេស្ទីន​ និងអ៉ីស្រាអែល​​ដែល​កំពុង​តែប្រឈមមុខ ​ជាមួយ​ភាពតាន​តឹង​ថ្មីស្រឡាង​មួយទៀត ​បន្ទាប់ពីអង្គការ​សហប្រជាជាតិ ​​បានសម្រច​ដាក់ចេញ​នូវដំណោះស្រាយ​ថ្កោលទោស​ ចំពោះ​ការ​តាំងទីលំនៅ​របស់ជន​ជាតិអ៉ីស្រាអែល ​នៅលើដីដែលបានកាន់កាប់ ឲ្យមានភាពហានក្លាដើម្បីបំភ្លេចការស្អប់ខ្ពើម និងគំនុំរវាងគ្នាចោល ហើយងាកមកបើកទំព័រ​ប្រវត្តិ​សាស្រ្តថ្មីរវាងប្រជាជាតិ​ទាំងពីរវិញ។

គួរបញ្ជាក់ដែរថា​នារដូវកាលនៃបុណ្យគ្រឹស្តម៉ាសលើកទីបួន​ គិតចាប់តាំងពីបានក្លាយជាសម្តេច ប៉ាប កាលពីឆ្នាំ២០១៣មកសម្តេច ប៉ាប ហ្រ្វង់ស័រ​ ក៏បានផ្ញើសារឲ្យសន្តិភាព កើតមាន​ចំពោះអ្នកដែលរងគ្រោះ ព្រោះតែមហិច្ឆតា​សេដ្ឋកិច្ចរបស់​មនុស្សមួយក្តាប់តូច ដែលជំរុញដោយ​ភាពលោភលន់​ និងការស្រឡាញ់​ងប់​ចំពោះលុយ ហើយសម្តេចបានអំពាវនាវ​ឲ្យមានការបញ្ចប់ជម្លោះ ​នៅក្នុងប្រទេសនីហ្សេរីយ៉ា មីយ៉ាន់​ម៉ា កូឡុំប៊ី និងនៅឧបទ្វីបកូរ៉េផងដែរ​៕