(មូស្គូ)៖ អាជ្ញាធររុស្ស៊ី បានឱ្យដឹងថា មនុស្ស៩២នាក់​ រួមមានទាំងក្រុមតន្ត្រីយោធា ជិះនៅលើយន្ដហោះយោធារុស្ស៊ីមួយគ្រឿង ក្នុងដំណើរឆ្ពោះទៅកាន់ប្រទេសស៊ីរី ដែលបានធ្លាក់​នៅឯសមុទ្រខ្មៅនៅថ្ងៃអាទិត្យនេះ គ្មាននរណាម្នាក់នៅមានជិវិតរស់នោះទេ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters​​ នៅយប់ថ្ងៃ​អាទិត្យ ទី២៥ ខែធ្នូ ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ បើតាមអ្នកនាំពាក្យក្រសួងការពារ​ជាតិរុស្ស៊ី យន្ដហោះយោធារុស្ស៊ីធុន TU-154​ Tupolev​ បានបាត់ ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោង​ប្រមាណជា ០៥ ៖២៥ នាទីទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) ពីរនាទីក្រោយពេល​ហោះចេញ ពីទីក្រុងស៊ូឈី នៃភាគខាងត្បូង​ប្រទេសរុស្ស៊ី ក្នុងដំណើរផ្លូវ​ឆ្ពោះទៅកាន់ប្រទេសស៊ីរី។

អ្នកនាំពាក្យក្រសួងការពារជាតិ រុស្ស៊ី លោក Igor Konashenkov បានឱ្យដឹងដូច្នេះថា «តំបន់យន្ដហោះធ្លាក់ត្រូវកំណត់ទីតាំងបានហើយ ប៉ុន្តែអ្នក ដំណើរទាំងអស់នៅ​លើយន្ដហោះគ្មាននរណាម្នាក់ នៅរស់រាន្តមានជីវិតនោះទេ»។ ប៉ុន្តែយ៉ាងណា អ្នកនាំពាក្យរូបនេះ មិនទាន់បញ្ជាក់ឱ្យច្បាស់ឡើយទេ ពីមូលហេតុធ្លាក់។

សូមជំរាបថា  យន្ដហោះយោធារុស្ស៊ីធុន TU-154​ Tupolev មានគោលដៅហោះហើរទៅកាន់ប្រទេសស៊ីរី ដើម្បី អបអរសាទរ និងប្រារព្ធពិធីបុណ្យណូអ៊ែល សម្រាប់កង​ទ័ពរុស្ស៊ី ដែលកំពុងឈរជើងនៅស៊ីរី៕