(ម៉ានីល)៖ ប្រធានាធិបតីមាត់ដាចនៃប្រទេសហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃព្រហស្បតិ៍នេះ បានជេរប្រទិច​យ៉ាងចាស់ដៃ​ទៅលើ​ឧត្តម​​ស្នង​ការជាន់ខ្ពស់ នៃអង្គការសហប្រ​ជាជាតិលោក Zeid Ra'ad Al Hussein ដែលបានទទូច​ឲ្យអាជ្ញាធរក៏ដូចជា តុលាការហ្វីលីពីនបើក​​ការ​ស៊ើប​​អង្កេត​លើលោក ឌូតឺតេ បន្ទាប់ពីលោក​ប្រធានាធិបតី​ហ្វីលីពីនបានសារភាព ថាលោកធ្លាប់​បានបាញ់សម្លាប់មនុស្ស​ដោយផ្ទាល់ដៃ។ នេះ​បើ​តាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃ​ព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងឱកាសថ្លែងសុន្ទរកថា តាមរយៈកញ្ចក់ទូរទស្សន៍លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយ​ដូច្នេះថា៖ «បុរសនេះ (លោក Zeid) គឺមនុស្សដែល​ប៉ិនកំប្លែង ឬមួយក៏ឆ្កួតបំផុត។» ហើយបុរសខ្លាំងហ្វីលីពីនរូប​នេះបានបន្ត​ហៅលោក Zeid ថាជាមនុស្ស «ល្ងីល្ងើ» មិនដាច់ពីមាត់ ដោយលោក​​បានបន្ថែមថា «មន្រ្តី UN ដូចអ្នកឯងដែលអង្គុយសំកុកនៅទីនោះ គឺយើងជាអ្នកបង់ប្រាក់ខែឲ្យ... មនុស្សល្ងីល្ងើដូចជាអ្នកគ្មានសិទ្ធិមកប្រដៅ​ខ្ញុំ​ឲ្យធ្វើនេះធ្វើនោះ​នោះឡើយ...តើនរណា​ផ្តល់សិទ្ធិ ទៅឲ្យអ្នកឯង»។ លោក ឌូតឺតេ បានពួយបន្តទៀតថា «សូមបិទមាត់ឲ្យជិតទៅ ព្រោះថាខួរ​ដូចជាខ្វះខាតនៅក្នុងក្បាលរបស់អ្នក ហើយទៅចូលសាលា​រៀនវិញទៅ ដោយសារមើលទៅគ្មានចេះការទូត និងមិនដឹងពីរបៀបនៃការប្រ​ព្រឹត្ត​​ខ្លួន​​ឲ្យ​សក្តិសមជាមន្រ្តីមួយរូបរបស់​អង្គការ​សហប្រជាជាតិអ៊ីសោះ​...អ្នកមិនត្រូវនិយាយ មកកាន់ខ្ញុំដូច្នោះឡើយ, កូនមីសំផឹង»

គួរបញ្ជាក់ថា លោក Zeid Ra'ad Al Hussein បានស្នើឲ្យអាជ្ញាធរហ្វីលីពីនគួរតែ​បើកការស៊ើប​អង្កេត​ទៅលើ ការអះ​អាងរបស់​លោក​ប្រ​ធា​នា​​​ធិប​តី រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលថាលោកបាន​បាញ់សម្លាប់​​មនុស្សប្រុស​ចំនួន​បីនាក់ ខណៈ​ពេលដែលលោក​​នៅកាន់តួនាទី​ជាអភិបាលក្រុង​ដាវ៉ៅ ហើយលោក​ឧត្តមស្នងការសិទ្ធិមនុស្ស UN រូបនេះ ក៏បានលើកឡើងដែរថា ទំហំនៃការស៊ើបអង្កេតគួរតែក្តោប​ទៅលើយុទ្ធនាការបង្រ្កាប​ឧក្រិដ្ឋកម្មគ្រឿងញៀនដ៏សាហាវរបស់លោក ឌូតឺតេ ដែលបានបណ្តាល ឲ្យមានមនុស្សស្លាប់យ៉ាងរង្គាលជាច្រើនពាន់នាក់នៅប្រទេស​ហ្វី​លី​ពីន​ផង​ដែរ៕