(ម៉ានីល)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងបំពេញ​ដំណើរទស្សនកិច្ចផ្លូវ​រដ្ឋ​ចំនួន​ពីរថ្ងៃមក​កាន់​ប្រទេស​ហ្វីលីពីន​​នាខែមករា ឆ្នាំ២០១៧ បន្ទាប់ពីលោក​ប្រធា​នាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បានទៅធ្វើ​ទស្សនកិច្ច​រយៈពេលបីថ្ងៃ​នៅក្នុង​ទីក្រុងតូក្យូ កាលពីចុងខែតុលា​កន្លងទៅ។ នេះបើតាមប្រភពពីមន្ត្រី​ការបរទេសហ្វីលីពីន ដែលចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពព័ត៌មាន​ខាងលើបាន​បញ្ជាក់ថាលោក ស៊ីនហ្សូ អាបេ អមដំណើរដោយ​គណៈប្រតិភូ​ពាណិជ្ជកម្ម នឹងធ្វើទស្សនកិច្ចទៅកាន់​ទីក្រុងម៉ានីល ក៏ដូចជាទីក្រុងដាវ៉ៅ (Davao) ដែលស្រុកកំណើត​របស់ប្រធានាធិបតី​​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ​ ហើយលោក អាបេ នឹងជួបពិភាក្សាអំពីកិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី និងបញ្ហាក្នុងតំបន់នានា​​ជាមួយលោក ឌូតឺតេ នៅក្នុងឱកាស​នោះដោយមេដឹកនាំ​នៃប្រទេសទាំងពីរ នឹងមានកិច្ចប្រជុំឯកជន​រួម​គ្នាមួយជាមួយមន្ត្រី​រដ្ឋាភិបាលរបស់​ភាគី​ទាំងសងខាង​ស្តីអំពី​​​មធ្យោបាយ​​ក្នុងការបង្កើន​ការដោះដូរ​ ពាណិជ្ជកម្មនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដោយឡែកកាលពីថ្ងៃអង្គារ សប្តាហ៍មុននេះយន្តហោះ «Japanese Air Force One» ដែលជា​យន្តហោះ​របស់កងកម្លាំងស្វ័យ​ការពារជប៉ុន បាន​ធ្វើការចុះចតនៅ​ឯអាកាស​យាន​ដ្ឋាន​​អន្តរជាតិ​នៃទីក្រុងដាវ៉ៅដែល​ទំនង​ជាការចុះចតសាកល្បងត្រៀម​សម្រាប់ដំណើរបំពេញ​ទស្សនកិច្ច​​របស់​លោក ស៊ីនហ្សូ អាបេ។ យន្តហោះធុន Boeing 747 មួយនេះ​ត្រូវបានប្រើប្រាស់​ដោយ​ រដ្ឋាភិបាលប្រទេសជប៉ុន​ដើម្បីដឹកជញ្ជូន​នាយករដ្ឋមន្រ្តី ព្រះចៅអធិរាជ និងមន្រ្តីរដ្ឋាភិបាល​ជាន់ខ្ពស់ដទៃៗ​ផ្សេងទៀត។

យ៉ាងណាមិញ​ក្រសួងការបរទេស​​នៃប្រទេសហ្វីលីពីន ពុំទាន់បានចេញសេចក្តី​ប្រកាស​ជាផ្លូវការ​នៅឡើយទេ ជុំវិញដំណើរ​បំពេញទស្សនកិច្ច​​របស់​នាយករដ្ឋមន្រ្តី​ជប៉ុន៕