(ប៊ែរឡាំង)៖ ប៉ូលិសអាល្លឺម៉ង់​បានសន្យាផ្ដល់ប្រាក់រង្វាន់ ១០០,០០០អឺរ៉ូ (១០៤,២៦០ដុល្លា​រអាមេរិក) ដល់ជនណាក៏ដោយ ដែលអាចផ្ដល់ព័តមាន​ទាំងឡាយណា ដែលឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទុយនីស៊ី​ម្នាក់អាយុ ២៤ឆ្នាំ ដែលជាអ្នកបើកបររថយន្ដកាមីញ៉ុង​បំបុកហ្វូងមនុស្សបណ្តាលឲ្យស្លាប់ ១២នាក់​និងរបួស ៤៨នាក់​នៅឯផ្សារណូអ៊ែលក្នុង​ទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី១៩ ខែធ្នូ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ថា ជនសង្ស័យខាងលើ​មាន​ឈ្មោះ​ថា Anis AMRI អាយុ ២២ឆ្នាំ​ជាជនជាតិទុយនីស៊ី មានកម្ពស់ ១៧៨សង់ទីម៉ែត្រ ទម្ងន់៧៥គីឡូ និងមាន​សក់​ពណ៌ខ្មៅ​ព្រមទាំង​ភ្នែកពណ៌ត្នោត ដូចគ្នាទៅនឹងរូបថតដែលប៉ូលិសបានបញ្ចេញ។

ដោយឡែក​បើតាមទីភ្នាក់ងារ​សារព័ត៌មាន Reuters​ ឪពុករបស់​ជនឈ្មោះ Anis AMRI បាន​និយាយនៅ​ក្នុងវិទ្យុទុយនីស៊ីថា Anis បានចាកចេញពីទុយនីស៊ី​កាលពី ០៧ឆ្នាំមុន​ក្នុងនាម​ជាជនអន្តោប្រវេសន៍​ខុសច្បាប់ និងធ្លាប់ជាប់ឃុំក្នុង​ពន្ធនាគារ​នៅអ៊ីតាលី ជាទីដែល​រូបគេត្រូវបានចោទប្រកាន់ពីបទ​ដុតសាលារៀនមួយកន្លែង ហើយមិនតែប៉ុណ្ណោះ Anis​ ក៏ធ្លាប់បានត្រូវគេចោទប្រកាន់ផងដែរថា​ បានចូលរួមនៅក្នុងអំពើ​ប្លន់នៅប្រទេស​ទុយនីស៊ី។

គួរបញ្ជាក់ថា ក្រោយអាជ្ញាធរអាល្លឺម៉ង់​ដោះលែងជនសង្ស័យម្នាក់​ផ្សេងទៀតក្រុម ISIS បានចេញមុខ​ទទួល​ខុសត្រូវលើការវាយប្រហារភេរវកម្មក្នុង​ទីក្រុងប៊ែរឡាំង ដោយអះអាងថា Anis AMRI គឺជាសមាជិកនៃក្រុមអ្នកប្រយុទ្ធដែលខ្លួនជាអ្នកបញ្ជាឲ្យទៅ ដើម្បីសងសឹកនឹងក្រុមចំរុះដឹកនាំដោយ​សហរដ្ឋអាមេរិក ក្នុងការវាយប្រហារក្រុម ISIS នៅអ៊ីរ៉ាក់ និងស៊ីរី៕