(ម៉ុងហ្គោលី)៖ រដ្ឋមន្រ្តីការបរទេសម៉ុងហ្គោលី​នៅថ្ងៃព្រហស្បតិ៍នេះ​ បានឲ្យដឹងថា​នាពេលអនាគត​សម្តេចសង្ឃ ដាឡៃ ឡាម៉ា នឹង​មិនត្រូវ​បាន​អញ្ជើញ​​មក​ធ្វើទស្សនកិច្ច​ នៅក្នុងប្រទេសម៉ុងហ្គោលី​ទៀតនោះឡើយ ដែលការ​បញ្ជាក់នេះ​ត្រូវបានធ្វើឡើងបន្ទាប់ពី​មេដឹកនាំ​​​និមិត្ត​​រូប​នៃ​តំបន់​ទីបេ​អង្គនេះ បានធ្វើដំណើរ​មកកាន់ម៉ុងហ្គោលី​កាលពី​ខែមុននេះ ជាហេតុបានបណ្តាល​ឲ្យ​​ចិនដែលចាត់​ទុកព្រះអង្គ​ជាជនផ្តាច់ខ្លួន​ដ៏គ្រោះថ្នាក់​ម្នាក់នោះ​​មាន​ភាព​ក្តៅ​ក្រ​ហល់​​ក្រ​ហាយ​​យ៉ាង​ខ្លាំង។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។

លោក Tsend Munkh-Orgil រដ្ឋមន្រ្តីក្រសួងការបរទេសបានថ្លែងប្រាប់សារព័ត៌មានម៉ុងហ្គោលី Unuudur ដូច្នេះថា «នៅក្រោមការដឹកនាំរបស់​​រដ្ឋាភិបាល​បច្ចុប្បន្ន សម្តេចសង្ឃ ដាឡៃ ឡាម៉ា នឹងទទួលបាន​ការអញ្ជើញ​ឲ្យមកកាន់​ប្រទេស​ម៉ុងហ្គោលីតទៀតឡើយ»។ ដោយឡែកនៅ​ពេលសាកសួរ​ពីការគូសបញ្ជាក់​របស់ប្រទេស​ម៉ុងហ្គោលី អ្នកនាំពាក្យក្រសួង​ការបរទេស​ចិនលោកស្រី Hua Chunying បានលើកឡើងថា «ប្រទេសចិន​សង្ឃឹមថាភាគីម៉ុងហ្គោលី​ពិតជាអាចរៀនសូត្រ​ពីមេរៀននៃ​ហេតុការណ៍នេះ ហើយមាន​ការគោរព​ចំពោះ​ផលប្រយោជន៍​ស្នូល​របស់ចិន ក៏ដូចជានៅតែបន្តធ្វើតាមពាក្យសន្យា​របស់ខ្លួន និងខិតខំប្រឹងប្រែង​លើកកម្ពស់​ការអភិវឌ្ឍ​នៃទំនាក់ទំនងចិន-ម៉ុងហ្គោលី»

ជុំវិញបញ្ហានេះដែរ​ប្រទេសម៉ុងហ្គោលីធ្លាប់បានអះអាងថា​ ដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃ ដាឡៃ ឡាម៉ា ពុំមានអ្វីពាក់ព័ន្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​របស់ខ្លួននោះ​ឡើយ ហើយព្រះអង្គ​ត្រូវបានអញ្ជើញ​ដោយពុទ្ធសាសនិក​ម៉ុងហ្គោល​ឯណោះវិញទេ។ អំឡុងពេលនៅក្នុងប្រទេស​ម៉ុងហ្គោលី សម្តេចសង្ឃ ដាឡៃ ឡាម៉ា បានបង្ហើប​ប្រាប់ថា​លោកមានគំរោងនឹងទៅជួបសំណេះសំណាលជាមួយ ប្រធានាធិបតីអាមេរិកជាប់​ឆ្នោតលោក ដូណាល់ ត្រាំ ថែមទៀតផង។

គួរបញ្ជាក់ថា​នៅក្រោយដំណើរទស្សនកិច្ច​នៃសម្តេចសង្ឃ ដាឡៃ ឡាម៉ា រដ្ឋាភិបាល​ទីក្រុងប៉េកាំង​បានឡាំប៉ា​យ៉ាងខ្លាំងដោយបានផ្អាករាល់​កិច្ច​​ជួបពិភាក្សាការងារ​ជាមួយមន្ត្រី​ម៉ុងហ្គោលី ហើយបាន​បង្កើនពន្ធ​ទំនិញនាំចូល​ពីប្រទេសម៉ុងហ្គោលី​ថែមទៀត ខណៈកាលពីឆ្នាំ២០០៦ ចិនបានសម្រេចចិត្ត​លុបចោលជើងហោះ​ហើរមួយ​រយៈពេល​ជាមួយនឹងម៉ុងហ្គោលី ដោយសារតែការទទួលស្វាគមន៍​សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ដូចគ្នានេះ៕