(​កូឡុំប៊ី)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិល​កូឡុំប៊ី បានឱ្យដឹងថាយន្ដហោះដឹកទំនិញ​មួយគ្រឿង​ប្រតិបត្តិដោយ​មនុស្ស ០៦នាក់បានធ្លាក់នៅក្នុងគោលដៅ​ហោះហើរ​ពីទីក្រុង Puerto Carreno ឆ្ពោះទៅកាន់រដ្ឋធានី Bogota ខណៈមូលហេតុនៃគ្រោះថ្នាក់នេះ​ពុំទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់​នោះទេ ក៏ប៉ុន្តែបើតាមរូបភាពវីដេអូ នៅលើ youtube​ បង្ហាញថា យន្ដហោះប្រភេទប៊ូអ៊ីង ៧២៧ បានប៉ះទង្គិចនឹងរបងអាកាសយានដ្ឋាន នៅពេលចាប់ផ្ដើមហោះចេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។​

ប្រភពដដែលបានឱ្យដឹងទៀតថា យន្ដហោះខាងលើបានធ្លាក់នៅម៉ោងប្រមាណជា ១៧៖២៣នាទីល្ងាចថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់អាមេរិកឡាទីន)​ ស្ថិតនៅចំងាយ ១៦គីឡូម៉ែត្រពីអាកាសយានដ្ឋាន German Olano Airport។ ទន្ទឹមគ្នានោះដែរ​បើតាមទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP​ មានតែមនុស្សម្នាក់គត់នៅរស់​រាន​មានជីវិត​ក្នុងចំណោមមនុស្ស​ទាំង ០៦ខាងលើហើយរូបគេត្រូវបាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យ San Juan de Dios ចំណែកឯអ្នកស្លាប់ទាំង ០៥នាក់ គឺជាក្រុមស្ថិតនៅក្នុងបន្ទប់បញ្ជាការបើកបរ។

គួររំលឹកថាកាលពីខែវិច្ឆិកាកន្លងទៅ យន្ដហោះដឹកក្រុមកីឡាករនៃក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense ក៏បានធ្លាក់ផងដែរនៅប្រទេសកូឡុំប៊ី ដោយនៅកាលណោះបានឆក់យកជីវិតមនុស្សរហូតដល់ ៧១នាក់ ក្នុងចំណោមអ្នកដំណើរសរុប ៧៧នាក់៕