(តូក្យូ)៖ រដ្ឋាភិបាលលោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ បានអនុម័ត​លើការបង្កើនការ​ចំណាយ​ដ៏ច្រើន​សន្ធឹកសន្ធាប់ក្នុងកំណត់ត្រាថ្មីមួយ​សម្រាប់វិស័យ​ការពារជាតិ ស្របពេល​ដែលចិនចេះតែបង្កើនសកម្មភាព​យោធា​​នៅសមុទ្រចិនខាងកើត ហើយកូរ៉េខាងជើងក៏នៅតែបន្តបាញ់សាកល្បងមីស៊ីលផ្លោងរំលោភច្បាប់​អន្តរជាតិឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។

គណៈរដ្ឋមន្ត្រីរបស់​លោក អាបេ នៅថ្ងៃព្រហស្បតិ៍នេះ​បានអនុម័តលើការបង្កើនការ​ចំណាយ ១.៤ភាគរយ ឬស្មើនឹង ៥.១៣ទ្រីលានយ៉េន (៤៣.៦៦ពាន់លានដុល្លារអាមេរិក) សម្រាប់​វិស័យការពារប្រចាំឆ្នាំ​ដោយរាប់​ចាប់ពី​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ហើយបើសិនជាកញ្ចប់ថវិកា​នេះត្រូវបានអនុម័ត​ដោយសភាជប៉ុន នោះមានន័យថាវាគឺការ​ចំណាយថវិកាខ្ពស់បំផុតក្នុងរយៈពេល ០៥ឆ្នាំជាប់ៗគ្នា​ក្នុងវិស័យ​ការពារជាតិ។

គួរបញ្ជាក់ថា​រដ្ឋាភិបាលជប៉ុនដឹកនាំ​ ដោយលោក​នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានផ្ដោតយ៉ាងខ្លាំង​លើវិស័យ​ការពារជាតិ នារយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។ បន្ថែមពីលើនេះរដ្ឋាភិបាលជប៉ុន​ ក៏មានគំរោង​អភិវឌ្ឍ​ន៍​បច្ចេកវិទ្យា​ មីស៊ីលផ្លោងផងដែរ ដើម្បីឆ្លើយតបទៅនឹងការរីកចំរើន​ នៃកម្មវិធីមីស៊ីលផ្លោង របស់កូរ៉េខាងជើង៕