(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ​បានចេញដីកាឲ្យចាប់ខ្លួនកូនស្រីម្នាក់​របស់ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាបុគ្គលស្ថិត​នៅ​ចំ​កណ្តាល ​នៃរឿងអាស្រូវ​នយោបាយពុករលួយ​​ ដ៏តានតឹងបំផុតរបស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គឺនហេ ដែលទំនងជា​នឹង​អាច​ត្រូវ​ចាក​ចេញ​ពី​តំ​ណែងជាមេដឹកនាំ​កំពូល របស់​ប្រទេសជារៀង​រហូតនោះ បន្ទាប់ពីត្រូវបានសភាជាតិព្យួរ​អំណាច ជាបណ្តោះអាសន្ន។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃ​ពុធ​ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

តុលាការកូរ៉េខាងត្បូង​បានចេញដីកាចាប់ខ្លួន​ចំពោះនារីឈ្មោះ ជុង យូរ៉ា (Chung Yoo-ra) អាយុ ២០ឆ្នាំ ជាកូនស្រីរបស់​លោកស្រ្តី ឆយ ស៊ូនស៊ីល ដែលជាមិត្តភក្តិដ៏ជិតស្និទ្ធ​យូរអង្វែងជាទីបំផុត ​របស់លោកស្រី ផាក គឺនហេ និងកំពុងស្ថិតក្រោមការជាប់ឃុំ​ខ្លួន ក្នុងសំណុំ​រឿងពាក់ព័ន្ធនឹងការរំលាភសិទ្ធិអំណាច​ និងលួចបន្លំ​ប្រាក់​មូលនធិ។ ដោយឡែកមេធាវីរបស់អ្នកនាង ជុង បានឲ្យដឹងថានាងកំពុងស្ថិត នៅក្នុងប្រទេស​អាល្លឺម៉ង់ នៅ​ឡើយបន្ទាប់ពីបានធ្វើដំណើរទៅកាន់ទីនោះជាមួយម្តាយ និងកូនរបស់នាងកាលពីកញ្ញា។

ថ្លែងនៅ​ក្នុងសន្និសីទ​សារព័ត៌មានមួយ​លោក លី យូឈូល (Lee Kyu-chul) អ្នកនាំពាក្យ​ការិយាល័យ​ក្រុមស៊ើបអង្កេត​ពិសេសបាន​និយាយថា «យើងមានដីកាចាប់ខ្លួននារី ជុង យូរ៉ា ក្រោមបទ​ចោទប្រកាន់​មួយចំនួន​រួមមានការបង្កភាពរាំងស្ទះ​​ ដល់ចំណាត់ការ​របស់តុលាការ ហើយពួក​យើងគ្រោង នឹងស្នើសុំកិច្ច​សហប្រតិបត្តិការ​ពីសំណាក់​រដ្ឋអាជ្ញាអាល្លឺម៉ង់ ​ដោយផ្អែកលើការចោទប្រកាន់​តែទាំងនេះ»។ លោក លី បានបន្ថែមថា​អាជ្ញាធរពាក់ព័ន្ធកំពុងស្វែងរក​វិធីធ្វើយ៉ាង​ណា ឲ្យលិខិតឆ្លងដែនកូរ៉េខាងត្បូង​របស់អ្នកនាង ជុង ក្លាយជាមោឃៈ និងបានសាកសួរ​សមភាគីអាល្លឺ​ម៉ង់​​ ពី​ទីតាំងស្នាក់នៅ និងទ្រព្យសម្បត្តិរបស់នាង​ផងដែរ។

គួរបញ្ជាក់ថាអ្នកនាង ជុង យូរ៉ា គឺជាកីឡាការិនី​ជិះសេះ ដែលបានចូលរួមនៅក្នុងកីឡាអាស៊ី​កាលពីឆ្នាំ២០១៤ ហើយបានទទួលមេដាយមាស ​​​នៅក្នុងការប្រកួត​ជាក្រុមមួយថែមទៀត​ផងនោះ បានបណ្តាល​ឲ្យមជ្ឈដ្ឋាន​សាធារណៈ​ផ្ទុះកំហឹងជាខ្លាំង​នៅពេល​ដែល​មានដំណឹង​លេចឡើង​ថា នាងទទួលបានការយក​ចិត្តទុកដាក់​ពិសេសជា​ខ្លាំង​ពីមហាវិទ្យាល័យ​សម្រាប់នារី Ewha Womans University ដ៏មានកេរ្តិ៍ឈ្មោះ​បំផុតនៅ​ក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែការអនុញ្ញាត​ឲ្យ​ចូលរៀននៅក្នុងមហាវិទ្យាល័យនេះ​ចុងក្រោយ ត្រូវ​បានលុបចោល​វិញ​ហើយអ្នកនាង ជុង ក៏ត្រូវបានគេដកហូតយកសញ្ញាប័ត្រ​មធ្យមសិក្សាផងដែរ ដោយសារតែការក្លែងបន្លំ​ចំណាត់ថ្នាក់​ និងចំនួនវត្តមាន៕