(វ៉ាស៊ីនតោន)៖ ខណៈមេដឹកនាំពិភពលោក​នំាគ្នាប្រញាប់ប្រញាល់​​ថ្កោលទោស ចំពោះការវាយប្រហារ​ភេរវកម្ម​នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ព្រមទាំង ការបាញ់សម្លាប់​អគ្គរដ្ឋទូត​រុស្ស៊ី នៅតួកគី ងាកមកមើល​ប្រធានាធិបតី​អាមេរិកផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា ​វិញនៅអំឡុងពេលដូចគ្នានោះ​បែរជាហើបមាត់បាន​ត្រឹមតែពាក្យ «Aloha​ ឬសួស្ដី » នៅអំឡុងពេលរីករាយនឹងការវាយកូនហ្គោល នៅឯទីលានវាយហ្គោល Mid Pacific Country Club ​នៅកោះ Hawa​ii។ នេះបើតាមការដកស្រង់ព័ត៌មានពី សារព័ត៌មានរុស្ស៊ី Sputnik​ នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

កាលពីថ្ងៃចន្ទ កន្លងទៅ​បន្ទាប់ពីមានការវាយប្រហារ​ភេរវកម្ម​សម្លាប់​មនុស្ស ១២នាក់ នៅក្នុងទីក្រុងប៊ែរឡាំង និងការធ្វើឃាតអគ្គ​រដ្ឋទូតរុស្ស៊ី​ប្រចាំទីក្រុង​អង់ការ៉ា លោក អាន់ដ្រេយ៍ កាឡូវ (Andrey Karlov) បណ្ដា​មេដឹកនាំ​ពិភពលោក ដូចជាប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេរេសា ម៉េយ៍ (Theresa May) និងប្រធានាធិបតីបារំាង លោកហ្រ្វង់ស័រ ហូឡង់ ជាដើម បាននំាគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏អាក្រក់នេះ ហើយថែមទំាងបាន អំពាវនាវផងដែរឲ្យមាន​សាមគ្គីភាព និងការបង្កើនការប្រយុទ្ធ​ប្រឆាំង​នឹងក្រុមភេរវករ។  

ទោះបីជាណាក៏ដោយប្រធានាធិបតីអាមេរិក​ជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា ក៏បានថ្កោលទោសផងដែរ​ ចំពោះការវាយប្រហារភេរវកម្ម​ ក្នុងទីក្រុងប៊ែរឡាំង ក៏ដូចជាសន្យាផ្ដល់ការគាំទ្រ ដល់ប្រទេសអាល្លឺម៉ង់ ខណៈប្រមុខការទូត​អាមេរិក លោក ចន ឃើរី ចេញមុខថ្កោលទោស ការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ី នៅក្រោយពេលដែល បណ្តាប្រទេសនានា ​បានធ្វើសកម្មភាពរួចរាល់៕