(ហ្សាការតា)៖ គ្រោះមហន្តរាយរញ្ជួយដី​​ដែលត្រូវបាន​វាស់ស្ទង់​ថា​​មានកំរិត ៦.៦រ៉ិចទ័រ បានវាយប្រហារ​ខេត្ត​ម៉ាលូគូ (Maluku) ស្ថិត​នៅ​តំបន់​ប៉ែក​​ខាង​កើត​នៃប្រទេស​ឥណ្ឌូណេស៊ី​​នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែពុំមាន​ការ​ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ឬ​ក៏​សេច​ក្តី​រាយ​ការណ៍​​ពី​ជន​រង​គ្រោះ​​​ណាម្នាក់ឡើង​​នៅក្នុងគ្រោះ​ធម្មជាតិ​មួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅ​មុន​នេះ​បន្តិច​​នា​ព្រឹក​ថ្ងៃ​​ពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

​ចំណុចរញ្ជួយ​នៃគ្រោះរញ្ជួយដី​​ខាងលើ​បានកើតមាន​ឡើង​​នៅចម្ងាយ ១៨៤គីឡូម៉ែត្រ​ភាគឦសាន​នៃខេត្ត​ម៉ាលូគូ និងមានជម្រៅ ១៧៣ម៉ែត្រ​ពី​ក្រោមបាតសមុទ្រ។ មន្រ្តីទីភ្នាក់ងារ​ឧតុនិយម និងរូបសាស្ត្រ​ផែនដី​ឥណ្ឌូណេស៊ី​​បានបញ្ជាក់ថា «ពួកយើងមិនបានចេញសារ​ព្រមានពី​រលក​យក្ស​ស៊ូណាមិ ក៏ព្រោះតែគ្រោះ​រញ្ជួយដី​មួយនេះមិនមានគ្រោះថ្នាក់នោះទេ​ ដោយសារតែវាមាន​ជម្រៅជ្រៅខ្លាំង»

ទន្ទឹមនឹងនេះអ្នកនាំពាក្យ​ទីភ្នាក់គ្រប់គ្រងគ្រោះ​មហន្តរាយធម្មជាតិ លោក Sutopo Purwo Nugroho បានឲ្យដឹងដែរថា​មកទល់ពេលនេះពុំមាន​សេចក្តីរាយការណ៍​ការខូចខាត ឬមួយក៏ជនរងគ្រោះឡើយ។

គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីមានទីតាំង​ភូមិសាស្រ្តនៅចំតំបន់ «The Pacific Ring of Fire» ដ៏គ្រោះថ្នាក់បំផុត ដែលជាហេតុធ្វើឲ្យ​ប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍​មួយនេះងាយ​ នឹងទទួលរង​ការវាយប្រហារ​​ដោយ​គ្រោះរញ្ជួយដី ហើយកាលពីដើមខែនេះ​មនុស្សមិនតិចជាង ១០០នាក់ឡើយ​បានបាត់​បង់​ជីវិត​រួមនិងជាង ៧០០នាក់​ផ្សេងទៀតបានទទួលរងរបួស​ក្រោយពេលគ្រោះរញ្ជួយដីកំរិត ៦.៥រ៉ិចទ័រ​បានអង្រួន​​ខេត្តអាសេ (Aceh) ដែលស្ថិតនៅភាគខាងជើងនាចុងកោះស៊ូម៉ាត្រា ហើយកត្តាដែល​បានបណ្តាល​ឲ្យមាន​ជនរងគ្រោះ​ច្រើនបែបនេះ ដោយ​សារតែ​គ្រោះរញ្ជួយដី​នោះ​បានកើតឡើង​នៅក្រោមដីផ្ទៃផ្ទាល់ និងមាន​ជម្រៅ​រាក់​ទៀតផង៕