(វ៉ាស៊ីនតោន)៖ អភិបាលនៃរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើសេចក្តី​ព្រាងច្បាប់​មួយ​ដ៏សំខាន់​បំផុត​ស្តីពី​ការ​អនុញ្ញាតឲ្យ អ្នកជំងឺដែលមាន​អការរោគផ្លូវចិត្តធ្ងន់ធ្ងរ ឬក៏អសមត្ថភាព​រាងកាយ​​អាចធ្វើអត្តឃាតខ្លួន​ឯង​បានដោយស្របច្បាប់។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១៦។

សេចក្តីព្រាងច្បាប់ដែលត្រូវបានចុះហត្ថលេខា និងបញ្ជូនទៅធ្វើការអនុម័តក្នុងសភាខាងលើនេះ នឹងមាន​ប្រសិទ្ធភាពសម្រាប់អ្នកជំងឺដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ក្រុមគ្រូពេទ្យនឹងធ្វើអត្តឃាតទៅលើ​អ្នកជំងឺដែលត្រូវបានគ្រូពេទ្យជំនាញបញ្ជាក់ថា​មានសង្ឃឹមរស់នៅយ៉ាងតិច ៦ខែទៀតប៉ុណ្ណោះ។អ្នកជំងឺទាំងអស់​ដែលដឹងពីស្ថានភាព​ពិត​របស់​ខ្លួន នឹងមានសិទ្ធិ​សម្រេចចិត្តរយៈពេលពីរសប្តាហ៍ នៅក្នុងការជ្រើសរើសយកវិធីធ្វើអត្តឃាតខ្លួនឯង ដូចជាការចាក់ថ្នាំ ឬក៏លេបថ្នាំជាដើម។

លោក Muriel Bowser អភិបាលរដ្ឋធានីវ៉ាស៊ីនតោនបានចុះហត្ថលេខាលើសេចក្តីព្រាងខាងលើនេះកាលពី​ថ្ងៃអង្គារ ហើយនិងបានបញ្ជូលទៅកាន់រដ្ឋសភារួចរាល់ហើយ ដោយត្រូវរង់ចាំពេល ៣០ថ្ងៃក្នុងការអនុម័ត។ ទោះបីជាបែបនេះក្តី​គេនៅមិនទាន់ប្រាកដច្បាស់នោះទេថា តើអង្គសភា​នឹងព្រមពៀងអនុម័តឲ្យ​ច្បាប់​ខាងលើនេះចេញ​ជាធរមានដែរ ឬមួយក៏អត់នោះឡើយ។

គួរបញ្ជាក់ថាការបង្កើតចេញនូវសេចក្តីព្រាងច្បាប់ខាងលើនេះ គឺទីក្រុងវ៉ាស៊ីនតោនមានការគិតគូខ្ពស់ចំពោះ​សិទ្ធិ និងសេរីភាពនៃប្រជាជនរបស់ខ្លួន ដោយសូម្បីតែ​ការស្លាប់ក៏ពួកគេត្រូវ​មានសិទ្ធិក្នុងការជ្រើសរើសផងដែរ ​ហើយវាពិតណាស់មនុស្ស​គ្រប់រូបចង់​​បានការស្លាប់​ប្រកបដោយ សន្តិភាព និងផាសុខភាព។ ចាប់តាំងពីឆ្នាំ ១៩៩៨មក​មានរដ្ឋមួយចំនួន​មក​ហើយបានអនុវត្តន៍​ច្បាប់ខាងលើនេះ​​ដូចជា អូរ៉េហ្គន, វ៉ាស៊ីនតោន, ខូឡូរ៉ាដូ, វើម៉ុនត៍ និងកាលីហ្វរញ៉ា ផងដែរ៕