(អឺរ៉ុប)៖ គណៈកម្មការអឺរ៉ុប នៅថ្ងៃអង្គារនេះបានចោទប្រកាន់ថា ក្រុមហ៊ុន Facebook​ បានផ្ដល់ដល់ខ្លួននូវព័ត៌មានក្លែងក្លាយ នៅអំឡុងពេលនៃការស៊ើបអង្កេត កាលពីឆ្នាំ២០១៤ ស្ដីពីការទិញសេវាកម្មនៃកម្មវិធីផ្ញើសារ WhatsApp​។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមគណៈកម្មាការអឺរ៉ុប កាលពីឆ្នាំ២០១៤ ក្រុមហ៊ុន Facebook បានផ្ដល់ព័ត៌មានដល់អាជ្ញាធរអឺរ៉ុប ដោយអះអាងថា «ខ្លួននឹងមិនចាត់វិធានការ ផ្សារភ្ជាប់ដោយស្វ័យប្រវត្តិនោះទេ [...]​ នៃគណនីអ្នកប្រើប្រាស់របស់ក្រុមហ៊ុន Facebook​ និងក្រុមហ៊ុន W​hatAppp ក៏ប៉ុន្តែនៅទីបំផុតគំរោង ភ្ជាប់នេះត្រូវបានធ្វើឡើងនៅខែសីហា ឆ្នាំ២០១៦»។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ គណៈកម្មការអឺរ៉ុបបានបញ្ជាក់ថាការស៊ើបអង្កេតថ្មីនេះ នឹងមិនផ្ដល់ផលប៉ះពាល់​ដល់ការ អនុញ្ញាតឱ្យប្រតិបត្តិការ​កាលពីឆ្នាំ២០១៤ នោះឡើយ។

សូមជំរាបថា ក្រុមហ៊ុន Facebook គឺជាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកចុងក្រោយគេ ដែលស្ថិតនៅក្រោមការស៊ើបអង្កេត របស់សហភាពអឺរ៉ុបនៅក្នុងឆ្នាំ២០១៦នេះ បន្ទាប់ពីក្រុមហ៊ុន Apple​ ដែលត្រូវជាប់​ពិន័យបង់ប្រាក់​រាប់ពាន់​លានដុល្លារ សម្រាប់ការរំលោភ​លើការបង់ពន្ធ៕