(ញូដេលី)៖ ក្រុមហ៊ុនបច្ចេកវិទ្យា​​ដ៏ល្បីរបស់អាមេរិក Apple កំពុងពិភាក្សាគ្នា​ជាមួយរដ្ឋាភិបាលឥណ្ឌា​អំពីការផលិតផលិតផលរបស់ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ខណៈក្រុមហ៊ុនក៏កំពុងព្យាយាមពង្រីកការ​លក់​ និងវត្តមានរបស់ផលិតផល Apple នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលមាន​ទីផ្សារអ្នកប្រើប្រាស់​ទូរស័ព្ទដៃធំ​លំដាប់ទីពីរនៅលើ​ពីភពលោក។ នេះបើតាមសម្តីមន្រ្តីរដ្ឋាភិបាលឥណ្ឌា ដែល​ត្រូវបានដក​ស្រង់​​និង​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន The Wall Street Journal នៅមុននេះបន្តិច​នាល្ងាចថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងថា តាមរយៈលិខិតផ្ញើទៅកាន់រដ្ឋាភិបាលឥណ្ឌាកាលពីខែវិច្ឆិកា កន្លងទៅ ក្រុមហ៊ុនដ៏ធំ​ដែលមានមូលដ្ឋាននៅ​ក្នុង​​ទីក្រុង​​គូប៉ឺទីណូ (Cuptertino) នៃរដ្ឋកាលីហ្វរញ៉ា​ សហរដ្ឋអាមេរិក​មួយនេះ​បានរៀបរាប់ពីគំរោង​ផលិតកម្ម​របស់ខ្លួន និងបានស្នើសុំការ​លើក​ទឹក​ចិត្ត​​ផ្នែក​ហិ​រញ្ញ​វត្ថុ ដើម្បីចាប់ផ្តើមអនុវត្តន៍​ផែនការរបស់ខ្លួន​នៅក្នុងប្រទេសឥណ្ឌា។

ប្រសិនបើការផលិតផលិតផល​ដូចជាទូរស័ព្ទ iPhone ជាដើមនៅក្នុងប្រទេសឥណ្ឌាកើតមានឡើងមែននោះ វា​នឹង​អនុ​ញ្ញាត​​ក្រុម​ហ៊ុន​ Apple ឲ្យបើក​ហាងផ្ទាល់ខ្លួន​ដើម្បីជួយកសាង​កេរ្តិ៍ឈ្មោះនៅក្នុង​ប្រទេសឥណ្ឌា ដែលជាកន្លែង​ទូរស័ព្ទ iPhone មាន​វត្ត​មាន​មិន​​ដល់​ ០២​​​ភាគ​​រយ​ផងនៅក្នុងទីផ្សារទូរស័ព្ទដៃ​ដ៏ធំមួយនេះ។

គួរបញ្ជាក់ថា​ខណៈពេលនេះអ្នកតំណាងរដ្ឋាភិបាលឥណ្ឌា​ពុំអាចទាក់ទង់បាន ដើម្បីផ្តល់ការ​អត្ថាធិប្បាយ​ណាមួយជុំវិញសេចក្តីរាយការណ៍​​នេះ​នៅ​ឡើយ​ទេ ខណៈអ្នក​នាំពាក្យក្រុមហ៊ុន Apple ប្រចាំនៅ​ប្រទេសឥណ្ឌា​ក៏មិនបានឆ្លើយតបភ្លាមៗ ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​ធ្វើ​ការ​​អធិ​ប្បាយ​ផង​ដែរ​៕