(ហាណូយ)៖ ប្រទេសវៀតណាម​គ្រោងបាញ់​បង្ហោះផ្កាយរណប ចំនួនពីរគ្រឿងនៅឆ្នាំ២០១៩ និង២០២២ ដើម្បីជួយក្នុងការ​ព្យាករណ៍អាកាសធាតុ​ និងការត្រៀមទប់ទល់​នឹងគ្រោះមហន្តរាយធម្មជាតិ​នានា ប្រកបទៅ​ដោយភាពច្បាស់លាស់ និងត្រឹមត្រូវជាងមុន​ជាពិសេសនោះនៅចំពេលនៃការកើនឡើងនូវ​បញ្ហាបម្រែបម្រួល​អាកាសធាតុពិភពលោក។ នេះបើតាមការដកស្រង់​ពី​សារព័ត៌មាន VNExpress នៅមុននេះបន្តិចនា​រសៀលថ្ងៃ​អង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

ផ្កាយរណបទាំងពីរ​មានដែលឈ្មោះថា «LOTUSat-1» និង «LOTUSat-2» គឺជាផ្កាយរណប​ដែលបំពាក់​ដោយបច្ចេកវិទ្យា​មានគុណភាពខ្ពស់​​ដំបូងគេបង្អស់នៅ​ក្នុងប្រទេសវៀតណា ​ដើម្បីចាប់យករូបភាព​បានយ៉ាងល្អ​​ច្បាស់នៅគ្រប់លក្ខខណ្ឌ​​នៃអាកាសធាតុ​ទាំងអស់ ហើយផ្កាយរណបដែលមានទម្ងន់​​ដល់ទៅ ៦០០គីឡូក្រាមទាំងពីរនេះ គឺជាផ្នែកនៃគំរោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា​ពោពេញទៅដោយ​មហិច្ឆតាជា​ទីបំផុត​របស់​ប្រទេស​វៀតណាម ដែលត្រូវបានអភិវឌ្ឍន៍​ឡើងដោយមជ្ឈមណ្ឌល​ផ្កាយរណប​ជាតិ​វៀតណាម ជាមួយទុនវិនិយោគចំនួន​ ៦០០លានដុល្លារ​អាមេរិក។

នាប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលវៀតណាម បានផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការគ្រប់គ្រង​គ្រោះមហន្តរាយ​ធម្មជាតិ​​នៅចំពោះ​មុខ​នៃការប្រែប្រួលអាកាសធាតុ​ នៃភពផែនដីនាសព្វថ្ងៃនេះហើយទិន្នន័យ​ដ៏ច្បាស់លាស់ និងត្រឹមត្រូវពីផ្កាយរណប LOSTUSat-1 ក៏ដូចជា LOTUSat-2 នឹងជួយអភិវឌ្ឍន៍​ឧបករណ៍​សម្រាប់​ព្យាការណ៍​អាកាសធាតុ​ដ៏មានប្រសិទ្ធភាពមួយ និងផ្តល់ជាផែនទី​ដ៏លម្អិតសម្រាប់ត្រួស​ត្រាយផ្លូវ​​ក្នុងការគ្រប់គ្រង​គ្រោះមហន្តរាយ​ផ្សេងៗ ដោយផ្កាយរណបទាំងពីរ​ដែលមានអាយុកាល​នៃការប្រើប្រាស់​រយៈពេល ០៥នេះ​មានសមត្ថភាព​ខ្ពស់​ក្នុងការផ្តិតយករូបភាព​នៃវត្ថុ​នៅលើ​ផែនដីដែល​មានទំហំតូចបំផុត​រហូតត្រឹមមួយម៉ែត្រ​ការ៉េបានច្បាស់ផងដែរ។

បន្ថែមពីនេះលោក Pham Anh Tuan អគ្គនាយកមជ្ឈមណ្ឌល​ផ្កាយរណប​ជាតិ​វៀតណាមបានលើក​ឡើង​ថាឧស្សាហកម្មនេសាទក៏នឹងទទួល​បាន​ផលប្រយោជន៍​ ពីផ្កាយរណបទាំងពីរ​ខាងលើផងដែរ ព្រោះថាពួកវា​អាចតាមដានការធ្វើដំណើរ​ភៀសខ្លួនរបស់​សត្វត្រីបាន ខណៈវិស័យកសិកម្មរបស់ប្រទេសក៏នឹងលែង​ខាតបង់ប្រាក់ចំនួន ១៥០លានដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែលក្ខខណ្ឌអាកាសធាតុមិនអំណោយផល​តទៅទៀតដែរ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម​ដែលត្រូវបានចាត់​ថ្នាក់ជាប្រទេសមធ្យមមួយ​ក្នុងចំណោមប្រជាជាតិ​ដែលតំបន់អាស៊ី​អាគ្នេយ៍ បើ​គិត​ពី​បច្ចេក​វិទ្យា​​អវកាស​ពីមុនមកមិនដែលធ្លាប់បាន​បង្កើតផ្កាយរណប​បានដោយខ្លួនឯង​ឡើយសូម្បីបីតែ​មួយគ្រឿង ហើយផ្កាយរណប LOTUSat-1 និង LSTUSat-2 នឹងផ្តល់នូវសារៈសំខាន់ជាច្រើនដល់ កម្មវិធីស្រាវជ្រាវពីទីអវកាសរបស់​វៀតណាម៕