(ប៊ែរឡាំង)៖ ប៉ូលិសអាល្លឺម៉ង់​បានឱ្យដឹងថាហេតុការណ៍​រថយន្ដកាមីញ៉ុង បើកបំបុកហ្វូងមនុស្ស​នៅឯផ្សារ​លក់ទំនិញ​ណូអ៊ែល​មួយកន្លែង ស្ថិតនៅភាគកណ្ដាលទីក្រុងប៊ែរឡាំង​នៅថ្ងៃល្ងាចថ្ងៃចន្ទ ​ដែលបាន​ផ្ដាច់យកជីវិតមនុស្ស​យ៉ាងហោចណាស់ ១២នាក់ និង ៤៨នាក់ទៀតរងរបួស​គឺជាសកម្មភាពភេរវកម្ម ប៉ុន្តែគ្រាន់តែគេត្រូវការពេលវេលាបញ្ជាក់​បន្ថែមតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ​ដោយសារ​ព័ត៌មានបារំាង Le Monde នៅរសៀលថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ​រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក ថូម៉ាស់ ឌឺម៉ាសហ្ស៊ីយ៊ែរ (​ Thomas de Maziere) ក៏បាន  កត់សម្គាល់ទៀតថា មានហេតុផលជាច្រើនបង្ហាញថា​អ្នកបើកបររថយន្ដកាមីញ៉ុង​បាន​ប្រព្រឹត្តអំពើភេរវកម្ម។ «នៅពេលនេះ​ខ្ញុំ​មិនទាន់ចង់និយាយថា វាជាសកម្មភាពភេរវកម្ម​នោះទេ បើទោះជាយើង​មានហេតុផល​គ្រប់គ្រាន់​ក៏ដោយ។ ម្យ៉ាងវិញទៀត​យើងក៏មានភស្ដុងតាង​ជាច្រើន​ផងដែរ​បញ្ជាក់ថា​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​គឺជាអ្នកបើកបរថយន្ដកាមីញ៉ុង ដែលបានបើកបំបុកហ្វូងមនុស្ស។ ទោះបីជាយ៉ាងនេះក្ដី​យើងនៅតែ​ត្រូវការ​ពេលវេលា​ដើម្បីបញ្ជាក់ ឱ្យកាន់តែច្បាស់ជាងនេះ»។ នេះបើតាម​សម្តីលោករដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់។

គួរបញ្ជាក់ថាសោកនាដកម្មខាងលើពុំទាន់មានក្រុមណាមួយ​ ចេញមុខអះអាង​ទទួលខុសត្រូវ​នៅឡើយទេ ក៏ប៉ុន្តែ​ការវាយប្រហារនេះ​ត្រូវបានគេមើលឃើញថា កើតឡើងនៅក្នុងបរិបទ​ដែលមេដឹកនាំ​ក្រុម ISIS​ អាប៊ូបាកើ អាល់បាដាឌី បានអំពាវនាវឱ្យក្រុម​សកម្មប្រយុទ្ធ និងអ្នកគាំទ្រ​របស់ខ្លួនដឹកនាំ​សកម្មភាពភេរវកម្ម​នៅអឺរ៉ុប ហើយណាមួយក្រុម ISIS​ ក៏ជាមុខសញ្ញាសង្ស័យជម្រើសទី១​សម្រាប់ទង្វើនេះដែរ៕