(ញូដេលី)៖ បុរសចំនួនប្រាំនាក់​ត្រូវបានកាត់ទោសប្រហារជីវិត​ ដោយតុលាការប្រទេសឥណ្ឌា​ពីបទពាក់ព័ន្ធ​នឹង​ការបំផ្ទុះគ្រាប់បែកពីរគ្រាប់​កាល​ពីឆ្នាំ២០១៣ នៅក្នុងទីក្រុង Hyderabad ហើយក្នុង​ចំណោមនោះ​ក៏មាន​មេដឹកនាំរបស់​ក្រុមឧក្រិដ្ឋជន​អ៉ីស្លាមមួយក្រុម ដែលបានរងការ​ចោទប្រកាន់ថា​មានជាប់ទាក់ទង​ការវាយប្រហារ​នៅក្នុងប្រទេស​ឥណ្ឌា​ជាច្រើនលើក​ផងដែរ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នាព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

មេបញ្ជាការនៃអង្គភាព​ប្រឆាំងអំពើភេរវកម្ម​ នៃទីភ្នាក់ងារស៊ើបអង្កេត​ជាតិ​បានឲ្យដឹងថា ការផ្តន្ទាទោស​កាល​ពី​សប្តាហ៍មុននៃលោក Yasin Bhatkal ជាមេដឹករបស់ក្រុម Indian Mujahideen និងអ្នកនាក់ផ្សេងទៀត​បានធ្វើការ​គូស​ចំណាំជាលើកទីមួយថាសមាជិក​របស់ក្រុមមួយនេះ ត្រូវបានរកឃើញថា​ពិតជាមាន​ទោសប្រាកដមែន។

គួររំលឹកថា​គ្រាប់បែកចំនួនពីរគ្រាប់បានផ្ទុះឡើង​ នៅក្នុងផ្សារមួយកន្លែងដែលកកកុញ​ដោយមនុស្សម្នា នៅឯទីក្រុង Hyderabad ភាគខាង​ត្បូងប្រទេសឥណ្ឌា​កាលពីខែកុម្ភៈ ឆ្នាំ២០១៣ និងបានផ្តាច់យកជីវិត​មនុស្សមិនតិច​ជាង ១៧នាក់នោះឡើយ ខណៈបុរសជាមន្រ្តីប៉ូលិសម្នាក ​ដែលត្រូវបាន​គេចោទប្រកាន់ថា​ ជាមេខ្លោងធំនៅពីក្រោយខ្នង​ការវាយប្រហារនោះ មិនទាន់ត្រូវចាប់ខ្លួន​បាននៅឡើយទេ។

គួរបញ្ជាក់ដែរថា​ជារៀងរាល់ឆ្នាំ តុលាការប្រទេសឥណ្ឌា​បានផ្តន្ទាទោសប្រហារជីវិត​ចំពោះមនុស្សជាច្រើននាក់ ប៉ុន្តែតែងតែមាន​ការស្ទាក់ស្ទើរ​​ជាក្នុងការអនុវត្តន៍​នូវការកាត់ទោសនេះ ហើយការផ្អាកជា​បណ្តោះអាសន្ន​នូវការដាក់ទោសប្រហារជីវិត​ត្រូវបានបញ្ចប់​ទៅកាលពីឆ្នាំ២០១២ នៅពេលដែល​ជនសកម្មប្រយុទ្ធម្នាក់​ត្រូវបានប្រហារជីវិតដោយជាប់ពាក់ព័ន្ធនឹង​ ការវាយប្រហារមួយ​កាលពីឆ្នាំ២០០៨ នៅក្នុងទីក្រុង Mumbai៕