(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសយ៉ាងខ្លំាង​ចំពោះការបាញ់​សម្លាប់អគ្គរដ្ឋ​ទូតរុស្ស៊ី​ប្រចំាទីក្រុងអង់ការ៉ា ប្រទេសតួកគី ​លោក Andreï Karlov​ ហើយលោក​ថែមទាំងបាន​ចាត់ទុកថា ការបាញ់ប្រហារនេះ គឺជាទង្វើ​ភេរវកម្មមិនអាចអត់ឱន​ឱ្យបានជាដាច់ខាត ព្រោះវាមានចេតនាបំផ្លាញ​ដល់ទំនាក់ទំនង​រវាងរុស្ស៊ី-តួកគី ​រួមទាំង​កិច្ចខិតប្រឹងប្រែង​ស្វែងរកសន្តិសភាព​សម្រាប់ស៊ីរី។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today​ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងកិច្ចប្រជុំ​ជាបន្ទាន់ លោក ពូទីន បានប្រកាសថា​លោកនឹងសងសឹក ក៏ដូចជាតាមប្រមាញ់​អ្នកជាប់​ពាក់ព័ន្ធ ឬក៏អ្នកបញ្ជានៅពីក្រោយខ្នង​អំពើភេរវកម្មនេះ។ លោក ពូទីន បានលើកឡើងថា «យើងត្រូវតែដឹង​ឱ្យបានថា​អ្នកណាជាអ្នកបញ្ជានៅពីក្រោយខ្នង ត្បិតឃាតកម្មនេះបានបង្ហាញយ៉ាងច្បាស់ពី​ចេតនាបង្ករឿង និងបំផ្លាញដល់ការ​ស្ដារឡើងវិញ ទំនាក់ទំនងរវាង​ប្រទេសតួកគី និងរុស្ស៊ី​រួមទាំងកិច្ចខិត​ប្រឹងប្រែងស្វែង​រក​សន្តិសភាពសម្រាប់ស៊ីរី​ហើយការឆ្លើយតប​តែមួយគត់នោះគឺ ការបង្កើនការប្រយុទ្ធប្រឆាំង​នឹងក្រុមភេរវករ»

គួរបញ្ជាក់ថាលោក ពូទីន បានបង្កើតគណៈកម្មាការស៊ើបអង្កេត​មួយ​ជុំវិញឃាតកម្ម​លើលោក Andreï Karlov ខណៈក្រុមប្រឹក្សាសន្តិសុខ UN, ប្រធានាធិបតីបារំាង, សហភាពអឺរ៉ុប, ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់​ ត្រាំ, និងមេដឹកនាំពិភពលោកជាច្រើនទៀត ក៏បានសម្ដែងមរណៈទុក្ខ និងថ្កោលទោស​យ៉ាងខ្លំាងចំពោះ​អំពើឃាតកម្មនេះផងដែរ៕