(សេអ៊ូល)៖ កងទ័ពជើងអាកាស​នៃប្រទេសកូរ៉េខាងត្បូង​ បានធ្វើការបន្ថែម​សមត្ថភាព​ទៅលើយន្តហោះ​ចម្បាំង​ប្រភេទ F-16 ដោយបំពាក់នូវ​​គ្រាប់​​បែក ​និងមីស៉ីល​ដែលអាចវាយ​ប្រហារ​ដល់មូលដ្ឋាន​ក្រោមដី​សំខាន់ៗ​របស់កូរ៉េខាងជើង និង​អាច​បាញ់​ទម្លាក់​យន្ត​ហោះ​ចម្បាំង​របស់​សត្រូវ​​​នៅ​រយៈ​ចម្ងាយ​​ដ៏​ឆ្ងាយ​បាន​ផង​ដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅ​មុន​នេះបន្តិច​នា​ល្ងាច​ថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ក្រោយការបង្កើនសមត្ថភាពចប់រួចរាល់ នឹងអនុញ្ញាតឲ្យយន្តហោះចម្បាំងរបស់ប្រទេសកូរ៉េខាងត្បូង​បាញ់គ្រាប់មីស៉ីល​ប្រភេទ AIM-120 ដែលមានចម្ងាយពី ៥០ទៅ១៨០គីឡូម៉ែត្របាន ហើយកងយន្ត​ហោះ F-16 ក៏នឹងបំពាក់នូវ​គ្រាប់បែក GBU-31 JDAM ដ៏ទំនើបដែលមាន ​សមត្ថភាពកម្ទេច​មូលដ្ឋានយោធា​នៅក្រោមដី និងកាត់ផ្តាច់នូវការដឹកនាំ​របស់កូរ៉េខាងជើងបាន នៅក្នុងហេតុការណ៍​អាសន្នណាមួយ​ផងដែរ។

គំរោង «The F-16 Peace Bridge Upgrade» ត្រូវបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០០៩ នៅពេល​ដែលកូរ៉េខាងត្បូង​បានចុះហត្ថលេខាលើ​ កិច្ចសន្យា​ជាមួយក្រុមហ៊ុន​ផលិត​យន្តហោះ Lockheed Martin ដ៏ល្បីរបស់អាមេរិក ស្តីពីការបង្កើនសមត្ថភាពនៃ​យន្តហោះចម្បាំង​ជួរមុខ F-16 របស់ខ្លួន ហើយបើគិត​ចាប់​តាំងពីខែតុលា ឆ្នាំ២០១៣មកយន្តហោះចម្បាំងសរុបចំនួន ៣០គ្រឿងត្រូវបានបង្កើន​សមត្ថភាពបន្ថែម។

គួរបញ្ជាក់ថា​កាលពីថ្ងៃទី១២ ខែធ្នូ ដើមសប្តាហ៍មុននេះ​ប្រទេសកូរ៉េខាងជើង បានគំរាមថា​នឹងបើកការ​វាយប្រហារ​តាមផ្លូវអាកាសមកលើ​ទីក្រុងសេអ៊ូល​បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​បានរួមគ្នាធ្វើ​សមយុទ្ធផ្លូវអាកាសប្រចាំឆ្នាំ​ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី០៥ ខែធ្នូ នៅចំពោះមុខការកើនឡើង​នៃភាពតានតឹង​នៅតំបន់ឧបទ្វីបកូរ៉េ៕