(មូស្គូ)៖ ​អាជ្ញាធររុស្ស៊ី​បានរាយការណ៍ថា មនុស្សយ៉ាងហោច​ណាស់ ១៦នាក់បានស្លាប់ដោយសារពុលស្រា បន្ទាប់ពី​ពួកគេទាំងនេះបានលាយសាប៊ូដុះខ្លួន​ជាមួយនឹងស្រាមានម៉ាកសញ្ញា «Boyarishnik​» នៅឯ​ទីក្រុង​អៀគុត (Irkutsk) ស្ថិតនៅភាគខាងកើត​នៃតំបន់ស៊ីបេរី។ នេះបើតាម​សារព័ត៌មាន​រុស្ស៊ី TASS​ ដែលចុះ​ផ្សាយបន្តដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ជុំវិញបញ្ហានេះដែរ​ក្រុមអ្នកស៊ើបអង្កេត​បានបញ្ជាក់ថា «យោងតាមព័ត៌មាន​ដែលយើងទទួលបាន ​មនុស្ស ១៦នាក់​ក្នុងនោះមានស្ត្រីម្នាក់បានស្លាប់​ដោយសារពុលស្រា ខណៈមនុស្ស ១៦នាក់ផ្សេងទៀត កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ រីឯការស៊ើបអង្កេតកំពុងតែធ្វើឡើង»។  

គួរបញ្ជាក់ថា​ករណីពុលស្រាតែងតែកើតឡើងជារឿយៗ នៅក្នុងប្រទេសរុស្ស៊ី ក៏ប៉ុន្តែករណីពុលស្រា​ខាងលើគឺបណ្ដាល​ឱ្យមនុស្សស្លាប់ច្រើនជាងគេ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕