(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង​បានឲ្យដឹងនៅថ្ងៃចន្ទ​នេះថា «យុទ្ធនាការនៃការខិតខំប្រឹងប្រែង​ធ្វើការងារ» របស់ខ្លួនបានឈានបញ្ចប់​ទៅ​​ជាមួយនិង​ភាពជោគជ័យជាទី​បំផុត ដោយទទួលលទ្ធផល​លើសអ្វី​ដែលបាន​រំពឹងទុក​នៅគ្រប់វិស័យ​ដែលមានទាំងការបំផ្ទុះ​សាកល្បងក្បាល​​គ្រាប់នុយក្លេអ៊ែរ​ រហូតដល់ការងើបឡើងវិញ​ពីគ្រោះទឹកជំនន់​ដ៏ខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បួង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាម​ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA គណៈកម្មាធិការ​កណ្តាលនៃគណបក្ស​កាន់អំណាច​ពលករកូរ៉េ បាន​ប្រកាស​អំពី​ការ​បញ្ចប់​រួច​រាល់​​នូវ​យុទ្ធនាការបញ្ជាក់​ពី​​ការ​ស្មោះ​ត្រង់ រយៈ​ពេល ២០០ថ្ងៃដែល​បាន​ចាប់​ផ្តើម​កាលពី​​ខែ​មិថុនា​ ​ហើយ​បាន​បញ្ចប់​ទៅ​វិញ​​កាល​​ពី​​ថ្ងៃ​​សុក្រ​ សប្តាហ៍​មុន​នេះ​ដោយបានចេញ​ផ្សាយ​យ៉ាងដូច្នេះថា «យុទ្ធនាការនេះគឺជាសមរភូមិដ៏អស្ចារ្យមួយ​ សម្រាប់​ការ​បង្កើត​​សេចក្តី​​ខិត​ខំ​​​ប្រឹង​​ប្រែង​ក្នុងការ​អភិវឌ្ឍខ្លួនឯង​ជមុន និងជាវិធីសាស្រ្តដ៏ល្អប្រសើរ​បំផុតសម្រាប់ការបង្កើតល្បឿន​របស់សត្វឈ្មោះថា «ម៉ាល្លីម៉ា (Mallima)» ជា​សត្វ​សេះ​ស្រមើស្រមៃ​មួយក្បាល​ដែលអាចរត់បានចម្ងាយ​ដ៏សែនឆ្ងាយ​នៅក្នុងល្បឿន​ដ៏លឿន»

យុទ្ធនាការបង្ហាញពីការស្មោះត្រង់នេះ គឺជាកិច្ចខិតខំប្រឹងប្រែង​របស់កូរ៉េខាងជើងក្នុងការ​ជំរុញ​ប្រជាជន​របស់ខ្លួនឲ្យបង្កើនសង្វាក់ផលិត​កម្មនៅ​ក្នុងពេលវេលាកំណត់មួយ ហើយយុទ្ធនាការ​ដែលមានរយៈពេល ២០០ថ្ងៃនេះបានបញ្ចប់ទៅ​មុនពេល​កំណត់ ខណៈដែល​វាត្រូវ​បញ្ចប់​សព្វ​គ្រប់នៅថ្ងៃទី១៧ ខែធ្នួនេះ ដែលជាគំរប់ខួបប្រាំឆ្នាំ នៃការទទួលមរណភាព របស់អតីតមេដឹកនាំលោក គីម ជុងអ៉ីល ទៅវិញទេ។   

គួរបញ្ជាក់ថា​នៅក្រោយការប្រជុំសមាជ​គណបក្សដ៏កម្រមួយ​កាលពីខែឧសភា កន្លងទៅប្រទេស​កូរ៉េខាងជើង​បានចាប់ផ្តើមយុទ្ធនាការ​​បង្ហាញ​ពីការ​ស្មោះត្រង់ក្នុងគោលបំណង អនុវត្តន៍​នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍​សេដ្ឋកិច្ច​រយៈពេល​ប្រាំឆ្នាំ ដែលត្រូវបានដាក់ចេញ​ដោយប្រមុខដឹកនាំ​កំពូល​លោក គីម ជុងអ៊ុន៕