(វិទ្យាសាស្រ្ត)៖ យោងតាមការស្រាវជ្រាវថ្មីរបស់​ ក្រុមអ្នកវិទ្យាសាស្រ្តមួយក្រុមបានឲ្យដឹងថា ប្រហោងខ្មៅ ឬ Black Hole ​ដ៏ធំ​មួយដែលស្ថិតនៅចំកណ្តាលកាឡាក់ស៊ីរាងគូទខ្យងមួយ មានទំហំស្មើនឹងព្រះអាទិត្យ​របស់យើងចំនួន ១៤០លានដង។ នេះបើយោងតាមប្រភព​ព័ត៌មានវិទ្យាសាស្ត្រ Science Daily ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ ២០១៦។

ជាក់ស្តែងកាឡាក់ស៊ីជាច្រើន​មានប្រហោងខ្មៅ​នៅចំកណ្តាល​របស់ពួកវា ដែលវាជាហេតុនាំឲ្យមាន​ផលប៉ះពាល់ដល់​ការវិវត្តន៍ របស់កាឡាក់ស៊ី។ ម្យ៉ាងវិញទៀតកាឡាក់ស៊ីឈ្មោះ NGC 1097 មានចំងាយ ៤៧លានឆ្នាំពន្លឺពីផែនដី ត្រូវបានគេឃើញមានប្រហោងខ្មៅ​ដ៏ធំមួយនៅ​ចំកណ្តាលវា​ដោយសារពន្លឺ នៃ​ផ្កាយដែលស្ថិតនៅជុំវិញនោះ។

ជាមួយគ្នានេះដែរក្រុមអ្នកវិទ្យាសាស្រ្ត ក៏បានធ្វើការស្រាវជ្រាវបន្ថែមទៅលើ​ប្រហោងខ្មៅនេះ ដោយប្រើប្រាស់ ឧបករណ៍ពន្លឺ Atacama ដើម្បីវាស់ស្ទង់អំពីដែនទំនាញរបស់វា។ លទ្ធផលបានបង្ហាញឲ្យឃើញថា ប្រហោងខ្មៅ ​នេះមានទំហំធំជាងប្រហោងខ្មៅដែលនៅចំកណ្តាល កាឡាក់ស៊ីមៀលគីវេយ៍ របស់យើងឆ្ងាយ​ណាស់។ គួរបញ្ជាក់នៅក្នុងកាឡាកស៊ីមៀលគីវេយ៍របស់យើងក៏មាន ប្រហោងខ្មៅរាប់លានផងដែរ ហើយទំហំតូចបំផុតគឺស្មើចាប់ពីបីដង​ នៃទំហំព្រះអាទិត្យយើងឡើងទៅ៕