(ព្រុចសែល)៖ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអង្គការ NATO-​រុស្ស៊ី នៅថ្ងៃចន្ទនេះ អង្គការ NATO នឹង​ព្យាយាម​​ពន្យល់ក៏ដូចជាធានាជាថ្មីម្ដងទៀត​ចំពោះទីក្រុងមូស្គូ ថា​ការដាក់ពង្រាយកងទ័ព និងបរិក្ខាយោធា នៅក្នុងតំបន់បាល់ទិច និងប្រទេសប៉ូឡូញនៅឆ្នាំក្រោយនេះ គឺជាវិធានការការពារសុទ្ធសាធ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia​​​ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០១៦។

សម្រាប់ទីក្រុងមូស្គូ​វត្តមានកងទ័ព និងបរិកា្ខយោធា​នៅក្បែរតំបន់ព្រំដែនរបស់ខ្លួន ជាការគំរាមកំហែងមួយ​ដ៏ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។ តួយ៉ាងអគ្គរដ្ឋទូតរុស្ស៊ី​ប្រចំាអង្គការ NATO លោក Alexander Grushko បានគូសបញ្ជាក់ថា «យើងពិតជា​គិតគូរពីការពិភាក្សាគ្នា​ដោយស្មោះត្រង់ ស្ដីពីស្ថានភាពសន្តិសុខ​នៅអឺរ៉ុប.... បូករួមទាំងផលវិបាក​ ដែលកើតចេញពីការ​ដាក់ពង្រាយ​កងទ័ព និងបរិក្ខាយោធា​របស់អង្គការ NATO នៅតំបន់​អឺរ៉ុបខាងកើត​ជាប់ព្រំដែនរុស្ស៊ី»

ទោះជាយ៉ាងនេះក្ដី​សម្ព័ន្ធមិត្តអង្គការ NATO ដូចជាអាល្លឺម៉ង់ នឹងព្យាយាមពន្យល់លោក Grushko ថាតើហេតុអ្វីបានជាអង្គការ NATO ត្រូវដាក់ពង្រាយកងទ័ព ៤,០០០នាក់ នៅតាមបណ្ដាប្រទេសជាប់រប​ង​ជាមួយរុស្ស៊ីដូចជា អេស្ដូនី, ​លីតតូនី, លីតទុយអានី, និងប៉ូឡូញ នៅដើមឆ្នាំ២០១៧ខាងមុខនេះ។​

គួររំលឹកថា​ទំនាក់ទំនងរវាងអង្គការ NATO និងរុស្ស៊ី បានស្គាល់ភាពតានតឹងនៅឆ្នាំ២០១៤ បន្ទាប់ពីជម្លោះ​នៅភាគខាងកើតប្រទេសអ៊ុយក្រែនផ្ទុះឡើង ហើយកាន់តែមើលមុខគ្នាលែងចំក្រោយពេលដែលរុស្ស៊ី​ពង្រីកឥទ្ធិពល​នៅតំបន់គ្រីមៀ តាមរយៈការបង្កើតតំបន់ឧបសម្ព័ន្ធគ្រីមមៀ។ យ៉ាងណាក៏ដោយ អគ្គលេខាធិការអង្គការ NATO លោក ជែនស៍ ស្ដូលធិនបឺគ បានអះអាងថា NATO គ្មានបំណងបង្កជម្លោះ ឬក៏សង្រ្គាមត្រជាក់ជាមួយរុស្ស៊ីនោះឡើយ៕